(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានណែនាំដល់លោកប្រធានគណបក្សប្រជាជនស្រុកចន្ទ្រា ដែលទើបតែងតាំងថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមកុំសប្បាយភ្លេចខ្លួន កុំមានមោទនភាពខ្លាំងពេក ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារគ្រប់ពេលវេលា និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត។

លោក ម៉ែន វិបុល បានថ្លែងបែបនេះនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ថន ថាវុទ្ធា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា បន្ថែមលើមុខងារបច្ចុប្បន្នជាអភិបាលស្រុកចន្ទ្រា ខណៈលោក គង់ វស្សា ប្រធានចាស់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុក និងជាអនុប្រធានបក្សស្រុកវិញ។ ពិធីនេះ បានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនស្រុកចន្ទ្រា ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិការបក្សជាង ២០០នាក់ផងដែរ។

លោក ម៉ែន វិបុល បានណែនាំឲ្យលោកប្រធានគណបក្សស្រុកចន្ទ្រាថ្មី ដែលប្រកាសនៅថ្ងៃនេះត្រូវតែខិតខំប្រឹងប្រែងដឹកនាំ កសាងស្រុក ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ របស់គណបក្សប្រជាជន និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្សដែលថ្នាក់កណ្តាល និងថ្នាក់ខេត្ត បានដាក់ចុះឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។

លោកបានបញ្ជាក់ទៀតថា ត្រូវបង្កើន និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ ដោយឈរលើមាគ៌ា មហាជនរបស់បក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះ គ្រប់កាលបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗ ដែលក្នុងនោះមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២០ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

លោកអភិបាលខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា គ្មានគណបក្សណាអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាបានទេ គឺមានតែមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាខ្លួនឯងបាន ដោយផ្តើមចេញពីការបែកបាក់សាមគ្គីគ្នានេះឯង។ ដូច្នេះមិនត្រូវឱ្យមានជាដាច់ខាត ត្រូវសាមគ្គីគ្នាឯកភាពផ្ទៃក្នុង រួមគ្នាធ្វើការងារដើម្បីគណបក្សប្រជាជនកម្ពុជា និងត្រូវបន្តចុះមូលដ្ឋានជាប្រចាំគ្រប់ទីកន្លែង មិនមែនទាល់តែដល់រដូវបោះឆ្នោតទើបនាំគ្នាចុះមូលដ្ឋាននោះទេ។ មិនតែប៉ុណ្ណោះត្រូវសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ តាមសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ៕