មន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាជាង៥៧លានរៀល ពីពិព័រណ៍ដេញថ្លៃគោរបស់ក្រុមហ៊ុន 7NG
12-09-2019 13:09
(កណ្ដាល)៖ ក្រុមហ៊ុន 7NG នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បាននាំយកថវិកាជាង៥៧លានរៀល ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលទឹកប្រាក់នេះ បានមកពីកម្មវិធីតាំងពិព័រណ៍ដេញថ្លៃគោ និងផ្សារសត្វកម្ពុជា លើកទី៣ នៅ «ភូមិវិហារសួគ៌» ក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកស្រី ស្រី សុធារិទ្ធ តំណាងលោកឧកញ៉ា ស្រី ចន្ធូ បានថ្លែងថា មូលហេតុចម្បងនៃការផ្តល់ថវិកាសប្បុរសធម៌នេះ គឺកើតចេញពីបេះដូង និងឆន្ទៈ ក្នុងការរួមចំណែកជួយដល់កិច្ចការសង្គម និងសប្បុរសធម៌ ជាពិសេស គឺមន្ទីរពេទ្យគន្ធបុប្ផា ដោយមន្ទីរពេទ្យមួយនេះ កំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជាយ៉ាងសកម្ម ជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ។
ដោយសារមន្ទីរពេទ្យនេះ កំពុងត្រូវការចំបាច់នូវសម្ភារថវិកា ដើម្បីបន្តការជួយសង្គ្រោះដល់ទារក និងកុមារកម្ពុជា ពីបណ្តាសប្បុរសជនជាតិ និងអន្តរជាតិ ដូច្នេះហើយ ក្នុងនាមលោកឧកញ៉ា ស្រី ចន្ធូ ជាពលរដ្ឋខ្មែរម្នាក់ បានបរិច្ចាគនូវផលចំណេញរបស់ខ្លួន សម្រួលដល់ការលំបាក ជូនសង្គមជាតិរបស់ខ្លួន តាមរយៈការបរិច្ចាគថវិកានេះ៕