(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងសម្ពោធដាក់ឲ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី។ ពិធីនេះបានរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ទេសរដ្ឋមន្រ្តី ឆាយ ថន បានឲ្យដឹងថា ដើម្បីធានាប្រសិទ្ធភាព និងពន្លឿនក្នុងការកាត់បន្ថយ ភាពក្រីក្រឲ្យបានលឿន ក្រសួងផែនការ បានរៀបចំសំណុំអន្តរាគមន៍សេវាចំនួន២ រួមមាន៖
* ទី១៖ សំណុំអន្តរាគមន៍សេវា ដើម្បីបង្កើនចំណូល
* ទី២៖ សំណុំអន្តរាគមន៍សេវា ដើម្បីកាត់បន្ថយចំណាយដោយផ្តោតឲ្យចំប្រជាពលរដ្ឋក្រីក្រ និង ជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្ដិ ដែលអាចបណ្ដាល ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រ ឬធ្វើឲ្យស្ថានភាពលំបាករបស់ពួកគាត់ កាន់តែមានសភាពធ្ងន់ធ្ងរឡើង។
រដ្ឋមន្រ្តី ឆាយ ថន បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងនៃការងារនេះ យើងពិតជាត្រូវការជាចាំបាច់ នូវទិន្នន័យគ្រួសារក្រីក្រ ដែលមានបញ្ជាក់ពីឈ្មោះមេគ្រួសារ ចំនួនសមាជិកគ្រួសារ និងទីកន្លែងដែលគ្រួសារ កំពុងរស់នៅ និងមានលក្ខណៈជាស៊េរី នៅតាមភូមិឃុំ សង្កាត់នីមួយៗ គឺជាសេចក្ដីត្រូវការចាំបាច់ពុំអាចខ្វះបាន។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តខិតខំ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាកត្តាដ៏មានសារៈសំខាន់ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន។
លោកបន្ដថា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។
ទេសរដ្ឋមន្រ្តី ឆាយ ថន បន្ដទៀតថា ផ្អែកលើចក្ខុវិស័យនេះ និងដោយឈរលើមូលដ្ឋាននៃកត្តាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច រាជរដ្ឋាភិបាលបានអនុម័តក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរគឺ ប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គម។
ដែលមានគោលបំណង ដើម្បីកំណត់ផែនការយុទ្ធសាស្ត្រ ក្នុងការធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយ ភាពក្រីក្រជាអតិបរមា។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោករដ្ឋមន្រ្តី ឆាយ ថន។
ទេសរដ្ឋមន្រ្តី ឆាយ ថន បានគូសបញ្ជាក់ទៀតថា ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម ២០១៦-២០២៥ គឺការបន្ស៊ី ការប្រមូលផ្តុំ និងពង្រឹងកម្មវិធី ដែលមានស្រាប់ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព នៃកម្មវិធីទាំងឡាយ ក្នុងប្រព័ន្ធគាំពារសង្គម។
លោករដ្ឋមន្ដ្រី បានឲ្យដឹងផងដែរថា ក្រសួងផែនការ ក៏បានបន្តធ្វើការកែសម្រួលកម្រងបញ្ជីសំណួរ និងមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រ ជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មទិន្នន័យ មានដូចជា៖ គ្រួសារក្រីក្រដែលមានសមាជិក ផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ គ្រួសារក្រីក្រដែលមានសមាជិកពិការភាព គ្រួសារអតីតយុទ្ធជន គ្រួសារ ក្រីក្រដែលមានចាស់ជរា ជាដើម៕