(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ មេដឹកនាំកំពូលកម្ពុជា-ឡាវ សម្រេចបង្កើន ចំណងទាក់ទងរវាងប្រទេសទាំងពីរឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ សម្រាប់ប្រទេសជាតិ និងប្រជាជនទាំង២ កាន់តែប្រសើរឡើង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលកំពុងចូលរួមប្រជុំទ្វេរភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ នាវិមានសន្តិភាព បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា «នៅថ្ងៃនេះ កម្ពុជា-ឡាវ សម្រេចបង្កើន ចំណងទាក់ទងរវាងប្រទេសទាំងពីរឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
មកដល់ម៉ោងនេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បាននិងកំពុងជួបពិភាក្សាទ្វេរភាគី មុនឈានដល់ការធ្វើសន្និសីទរួម ព្រមទាំងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។
សូមបញ្ជាក់ថា លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា៕