(រតនគិរី)៖ សពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកដល់គេហដ្ឋាននៅនៅគេហដ្ឋានលេខ១៤៧ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីរៀបចំធ្វើបុណ្យប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានទទួលមរណភាព នៅវេលាម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨២ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិ ដ៏ឧត្តុងឧត្តម ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានខិតខំលើកកម្ពស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង របស់បងប្អូនជនជាតិភាគតិច ហើយបានចូលរួមប្រែក្លាយតំបន់ភូមិភាគឦសាន ឲ្យក្លាយជាតំបន់មានការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស និងបានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុង ការបម្រើស្ថាប័នព្រឹទ្ធសភា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា៕