(ជូហៃ-ចិន)៖ លោកស្រី Long Guangyan រដ្ឋមន្ត្រីក្រសួងឃោសនាការ ប្រចាំក្រុងជូហៃ ប្រទេសចិន បានថ្លែងថា ទីក្រុងជូហៃ គឺជាទឹកដីភាគខាងជើង នៃការចាប់ផ្តើមសករាជថ្មី របស់ប្រទេសចិន។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកស្រី បានធ្វើពិធីទទួលទានអាហារស្វាគមន៍ ដល់ប្រតិភូព័ត៌មាន១៨ប្រទេស ក្នុងនោះមានអ្នកព័ត៌មានកម្ពុជា ដែលពួកគេមកពីប្រទេសសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ (SCO) បន្ទាប់ពីបានធ្វើដំណើរមកដល់ទឹកក្រុងនេះ ក្រោយបញ្ចប់បេសកកម្ម នៅទីក្រុងឆាងអាន។
មុនពេលទទួលអាហារ លោកស្រី Long Guangyan បានថ្លែងស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូព័ត៌មាន។ លោកស្រីថ្លែងថា សករាជថ្មីរបស់ចិន ត្រូវបានចាប់ផ្តើម នៅក្រុងជូហៃនេះហើយ។
មូលហេតុដែលលោកស្រី ថ្លែងបែបនេះ ព្រោះថាបើមើលតាមកំណើនសេដ្ឋកិច្ច ទីក្រុងដែលរុំព័ទ្ធទៅដោយសមុទ្រ និងភ្នំមួយនេះ បានរីកចម្រើនយ៉ាងខ្លាំង នៅឆ្នាំ២០១៨។ ទោះបីជូហៃ គឺជាទឹកដីតូច ប៉ុន្តែមានការវិនិយោគច្រើន ហើយការរស់នៅទីនេះ មានស្តង់ដារខ្ពស់ខ្លាំង ក្រោយពេលចាប់ផ្តើមអភិវឌ្ឍន៍ត្រឹមតែ ៤០ឆ្នាំប៉ុណ្ណោះ។
ជូហៃ មានប្រជាជនសរុប ១,៨លាននាក់។ ទីក្រុងនេះ ត្រូវបានបែងចែកជាបីតំបន់ គឺសៀងជូ ដែលជាទីតាំងរដ្ឋាភិបាល, ជីវ័ន្ដ កន្លែងអភិវឌ្ឍន៍តិចជាងសៀងជូ ប៉ុន្តែជាកន្លែងអាកាសចរណ៍ និងតូមិន គឺជាកន្លែងអភិវឌ្ឍន៍តិចតួច ប៉ុន្តែសម្បូរបែប ទៅដោយសិល្ប:វប្បធម៌នានាជាច្រើន។
ក្នុងឱកាសនោះដែរ លោកស្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយ SCO នឹងធ្វើឱ្យប្រទេសជាសមាជិកទាំងអស់ កាន់តែមានទំនាក់ទំនងស៉ីជម្រៅ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ជាពិសេសនោះ ប្រទេសសមាជិកទាំងអស់ នឹងរួមគ្នាដើរទៅមុខ មានជោគវាសនារួមគ្នា ក្នុងការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្មជាដើម។
សូមបញ្ជាក់ថា SCO ត្រូវបានប្រកាសឡើងដោយ កតិកាសញ្ញាមួយ នៅឆ្នាំ២០០១ ក្រោមគំនិតផ្តួចផ្ដើមរបស់ លោកប្រធានាធិបតី ស៉ី ជិនពីង និងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០២ ហើយត្រូវបានចូលជាធរមាន នៅឆ្នាំ២០០៣។ បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។
ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលី។ ចំណែកឯប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕