(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែកញ្ញានេះបានបញ្ជាក់ថា ក្រសួងសម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ដើម្បីពិនិត្យ និងដោះស្រាយ ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច លើលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១៩ សីហា ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ក្រសួងអប់រំបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ ក្នុងបំណងធ្វើឲ្យបេក្ខជន និងអាណាព្យាបាល មានសេចក្តីទុកចិត្ត និងទទួលលទ្ធផលនៃការប្រឡងបាក់ឌុប ខណៈដែលមានបេក្ខជនមួយចំនួន បានតវ៉ាពុំសុខចិត្តលើលទ្ធផល «ធ្លាក់» និងមានបេក្ខជនមួយចំនួនទៀត ពុំសុខចិត្តដោយសារទទួលបាន និទ្ទេសត្រឹម «B» និង «C» ហើយទាមទារយកនិទ្ទេស «A»។
ជាមួយគ្នានេះ ក្រសួងអប់រំបានបញ្ជាក់យ៉ាងលម្អិត អំពីដំណើរការបច្ចេកទេសទាំង៣ដំណាក់ គឺដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ ដើម្បីធានាបាននូវភាពសុក្រឹត្យ យុត្តិធម៌ និងតម្លាភាព។
ក្រសួងអប់រំក៏បានសំណូមពរជាថ្មី ដល់បេក្ខជនទាំងអស់ត្រូវចងចាំថា លទ្ធផលប្រឡងឆ្លុះបញ្ចាំងសារសំខាន់បីយ៉ាងគឺ៖ ១៖ អ្នកចេះគឺជាប់, ២៖ ការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងភាពទទួលបាន, និង៣៖ លទ្ធផលប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការខំប្រឹងបន្តទៅមុខទៀត។
សូមជម្រាបថា ក្រសួងអប់រំនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៩ទើបប្រកាសលទ្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕