(ភ្នំពេញ)៖ ដោយមានការឯកភាព ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យយុវជនកម្ពុជាចំនួន ៣៣រូប មកពីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងទស្សនកិច្ចសិក្សា នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដកបទពិសោធន៍ ក្នុងការត្រៀមខ្លួនតំណាងឲ្យកម្ពុជា ទៅចូលរួម ក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយការប្រារព្ធពិធីជួបជុំគ្នាចេញដំណើរតាមនាវា Nippon Maru ពីទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយបន្តដំណើរ ទៅកាន់ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ប្រទេសមីយ៉ាន់ម៉ា ប្រទេសម៉ាឡេស៊ី និងបញ្ចប់នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុនវិញ។
ជាកិច្ចស្វាគមន៍ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានកសាងឡើងដើម្បីបំពេញនូវតម្រូវការរស់នៅ និងប្រកប ការងាររបស់កងកម្លាំង ប្រកបដោយសុខមាលភាព ស្តង់ដាទំនើប រួមជាមួយមធ្យោបាយគ្រឿងបំពាក់សម្ភារៈគ្រប់គ្រាន់ ទាន់សម័យ។ បន្ទាប់មកលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើបទបង្ហាញអំពីតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ និងសកម្មភាពអនុវត្តការងាររបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ ក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជានិងបង្ហាញនូវបទពិសោធន៍ការងារព្រមទាំងចំណេះដឹងខ្លះៗ ដល់ក្រុមយុវជន ផងដែរ។
បន្ទាប់ពីបានស្តាប់នូវការធ្វើបទបង្ហាញរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួចមក តំណាងក្រុមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា បានសម្តែងការចាប់អារម្មណ៍និងកោតសរសើដល់ស្នាដៃដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាខ្លាំង ហើយក្រុមយុវជន ក៏បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរអំពីប្រវត្តនៃការបង្កើតកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលហៅកាត់ជាភាសារអង់គ្លេសថា (SSEAYP) ត្រូវបានបង្កើតឡើងដោយអនុឡោមតាម សេចក្តីថ្លែងការណ៍រួម កាលពីខែមករា ឆ្នាំ១៩៧៤ រវាងប្រទេសជប៉ុន និងសមាជិកអាស៊ានចំនួន០៥ គឺប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ ហើយក្រោមៗមកក៏មានការចូលជាសមាជិកពីបណ្តាប្រទេសអាស៊ានចំនួន០៥ ផ្សេងទៀត គឺប្រទេស ប្រ៊ុយណេ វៀតណាម ឡាវ ភូមា និងកម្ពុជា។
ជាកិច្ចបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ថវិកាចំនួន ៥លានរៀន ជូនដល់ក្រុមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ទុកជាការចូលរួមចំណែកជាមួយក្រុមយុវជនក្នុងដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦ ឆ្នាំ២០១៩ និងបានអញ្ជើញក្រុមយុវជនទាំងអស់ ពិសានំបញ្ចុកសម្លរខ្មែរជាមួយគ្នា យ៉ាងសប្បាយ រីករាយ ស្និតស្នាលក្រៃលែង៕