(ភ្នំពេញ)៖ ក្រសួងការបរទេស កម្ពុជា បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នឹងដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីឡាវ នឹងត្រូវ ជួបពិភាក្សាការងារគ្នាដោយផ្ទាល់ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយជុំវិញ បញ្ហាព្រំដែនរវាងប្រទេសជិតខាង ទាំងពីរ។
* ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់លោក ស៊ីស៊ូលីត៖
លោក ថងលូន ស៊ីស៊ូលីត គឺជាអ្នកនយោបាយឡាវមួយរូប ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឡាវ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក។ មិនតែប៉ុណ្ណោះលោកក៏ជាសមាជិក លំដាប់លេខរៀងទី៤ នៃការិយាល័យនយោបាយរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវផងដែរ។
* ជីវិត, ការងារ, ការអប់រំ និងនយោបាយ
លោក ស៊ីស៊ូលីត កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅក្នុងខេត្ត Houa Phan ប្រទេសឡាវ។ លោកបានសិក្សានៅឯសាលាគរុកោសល្យ Neo Lao Hak Sat ក្នុងខេត្ត Houa phan ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ១៩៦៩។ លោកបានទៅបន្តការសិក្សានៅអតីតសហភាពសូវៀត និងប្រទេសវៀតណាម ហើយបរិញ្ញាបត្រធំៗ ដែលលោកទទួលបាននោះគឺ បណ្ឌិតខាងទស្សនៈវិជ្ជា និងអនុបណ្ឌិតអក្សរសាស្ត្រ និងអក្សរសិល្ប៍។ ដោយឡែកក្រៅពីភាសាឡាវ លោក ស៊ី ស៊ូ លី ត ក៏អាចនិយាយភាសារុស្ស៊ី វៀតណាម និងអង់គ្លេសផងដែរ។
លោក ស៊ីស៊ូលីត បានក្លាយជាអនុរដ្ឋមន្ត្រីការបរទេសឡាវ នៅឆ្នាំ១៩៨៧ ហើយក្រោយមកទៀតកាន់តំណែងជារដ្ឋមន្ត្រីការងារ និងសុខមាលភាព សង្គម ព្រមទាំងជាប្រធានគណៈកម្មាធិការកិច្ច ការការបរទេស នៃសភាជាតិឡាវ។
ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ លោក ស៊ីស៊ូលីត បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡាវ និងជាប្រធានគណៈកម្មាធិការផែនការរដ្ឋ។ ពីឆ្នាំ២០០៦ ដល់ដើមឆ្នាំ២០១៦ លោកបម្រើការងារជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយរហូតដល់ខែមេសា ឆ្នាំ២០១៦ ទើបលោក ថងលូន ស៊ីស៊ូលីត ក្លាយជានាយករដ្ឋមន្ត្រីឡាវមកទល់សព្វថ្ងៃ។
ប្រទេសឡាវ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍។ ខាងក្រោមជាស្ថានភាពទូទៅនៃប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះ៖
* ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* រដ្ឋធានី៖ វៀងច័ន្ទ
* ភាសាផ្លូវការ៖ ភាសាលាវ
* របបដឹកនាំ៖ សាធារណរដ្ឋសង្គមនិយម
* រដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី
* ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី ១៩ កក្កដា ១៩៤៩
* ផ្ទៃដី៖ ២៣៦ ៨០០ គីឡូម៉េត្រការ៉េ (លំដាប់ទី៨៣លើពិភពលោក ក្នុងនោះមានផ្ទៃទឹក២%)
* ចំនួនប្រជាជន៖ ៦ ៥២១ ៩៩៨ (លំដាប់ទី១០៦) (ស្ថិតិឆ្នាំ២០០៧)
* ដង់ស៊ីតេ៖ ២៥នាក់/ គីឡូម៉ែត្រការ៉េ (លំដាប់ទី១១៧លើពិភពលោក)
* រូបិយប័ណ្ណ៖ គីប (LAK)
* កូដទូរស័ព្ទប្រទេស៖ +៨៥៦
I. ប្រវត្តិសាស្ត្រ៖
ប្រទេសឡាវ មានដើមកំណើតរដ្ឋចេញពីរាជាណាចក្រលានជាង (មានន័យថាដំរីរាប់លាន) ដែលបានកកើតឡើងនៅសត វត្សរ៍ទី ១៤ នៃគ.ស. ដោយព្រះចៅ ហ្វាងុម។ នគរលានជាង ឬ ឡានសាង រីកចម្រើនរហូតដល់សតវត្សរ៍ទី១៨ នៃគ.ស. តែត្រូវបែកបាក់ជា ៣ រហូតចុងក្រោយត្រូវសៀមត្រួតត្រា។
នៅសតវត្សរ៍ទី ១៩ ដែនដីនេះបានត្រូវដាក់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសនៅឥណ្ឌូចិន។ នៅក្រោមអាណាព្យាបាលបារាំង វៀងច័ន្ទន៍ បានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមឡាវ។ ឆ្លងកាត់ការកាន់កាប់ពីសំណាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ បានមួយរយៈខ្លី ប្រទេសឡាវ បានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែជាអកុសល អាណាព្យាបាលបារាំងបានត្រឡប់មកកាន់កាប់ដែនដីនេះវិញរហូតដល់ឆ្នាំ ១៩៥០។ ប្រទេស ឡាវបានទទួលឯករាជ្យពេញលេញនៅឆ្នាំ ១៩៥៤ ដោយប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ក្នុងសម័យសង្គ្រាមវៀតណាម តំបន់ភាគខាងកើតរបស់ប្រទេសឡាវ ធ្លាក់ក្រោមការកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើង ធ្វើជាមូលដ្ឋានជញ្ជូនសព្វាវុធ និងស្បៀងអាហារ ទៅឲ្យកងទ័ពដើម្បីតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតប អាមេរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើង ដើម្បីប្រឆាំងរបបកុម្មុយនិស្ត។ ទីបំផុតរដ្ឋប្រហារបានកើតឡើងជាបន្តបន្ទាប់ ហើយសង្គ្រាមស៊ីវិលរវាងរាជរដ្ឋាភិបាលឡាវ និងចលនាកុម្មុយនិស្តបប៉ៈថេតឡាវ បានចាប់ផ្ដើម។
នៅក្នុងសង្គ្រាមស៊ីវិលនេះ កងទ័ពវៀតណាមខាងជើងពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ១៩៦៨ កងទ័ពវៀតណាមខាងជើង ជាមួយនឹងអាវុធទំនើបៗ បានបើកការវាយប្រហារមកលើកងទ័ពឡាវ ព្រមទាំងដាក់ពង្រាយទ័ពមួយផ្នែកធំនៃផ្ទៃប្រទេស ជំរុញឱ្យមានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិក ដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើង ក្នុងប្រទេសឡាវ និងដើម្បីកាត់ផ្ដាច់ផ្លូវលំហូជីមិញ។ តាមរបាយការណ៍បានឱ្យដឹង ការទម្លាក់គ្រាប់បែករបស់អាមេរិក នៅលើទឹកដីនៃប្រទេសឡាវពីឆ្នាំ១៩៧១ ដល់១៩៧៣ ច្រើនជាងគ្រាប់បែកដែលទម្លាក់នៅទូទាំងពិភពលោកក្នុងអំឡុងសង្គ្រាមលោកលើកទី២ សរុបចំនួន២លានតោន។
នៅទីបំផុតនៅឆ្នាំ១៩៧៥ ចលនាកុម្មុយនិស្តបប៉ៈថេតឡាវ ដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ី និងវៀតណាមខាងជើង បានទទួលជ័យជម្នះលើរដ្ឋាភិបាលរាជានិយម បង្ខំឲ្យព្រះរាជាដាក់រាជ្យ ក្រោយមកត្រូវបានគេធ្វើគត់ព្រះអង្គ។ ក្រោមការដឹកនាំនៃរដ្ឋាភិបាលប៉ៈថេតឡាវ ប្រទេសឡាវបានលុបបំបាត់របបរាជានិយម ព្រមទាំងប្រែឈ្មោះថ្មីថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដែលផ្តល់ឱ្យវៀតណាមនូវសិទ្ធិក្នុងការដាក់ពង្រាយកម្លាំងប្រដាប់អាវុធ និងតែងតាំងទីប្រឹក្សាលើប្រទេសឡាវ។
នៅក្នុងកាសែតដែលបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩០ សកម្មជនសិទ្ធិមនុស្ស Vang Pobzeb បានសរសេរថា ឡាវ ធ្លាក់ក្រោមអាណានិគមវៀតណាម ចាប់តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ហើយត្រូវបានដឹកនាំដោយវៀតណាមក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។ តាមរយៈសន្ធិសញ្ញារវាងឡាវ និងវៀតណាម ឆ្នាំ១៩៧៧ មិនត្រឹមតែផ្តល់សិទ្ធដោយផ្ទាល់ដល់វៀតណាម ក្នុងគោលនយោបាយការបរទេសប៉ុណ្ណោះទេ ប្រទេសវៀតណាមថែមទាំងសិទ្ធក្នុងការលូកដៃក្នុងកិច្ចការនយោបាយ និងសេដ្ឋកិច្ចគ្រប់កម្រិតផងដែរ។
ក្នុងឆ្នាំ១៩៧៩ ប្រទេសឡាវ ត្រូវបានស្នើសុំឱ្យបញ្ចប់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលនាំឱ្យប្រទេសនេះត្រូវកាត់ផ្តាច់ទំនាក់ទំនាក់ជាមួយប្រទេសចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។ នៅឆ្នាំ១៩៧៩ នៅលើទឹកដីឡាវ មានកងទ័ពវៀតណាមចំនួន៥០ពាន់នាក់ មន្ត្រីវៀតណាមស៊ីវិលជាង៦ពាន់នាក់នាក់ ក្នុងនោះ១ពាន់នាក់ បានលូកដៃដោយផ្ទាល់ទៅក្នុងក្រសួងនានានៃរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍។
II. ស្ថានភាពភូមិសាស្ត្រ និងអាកាសធាតុ
ប្រទេសឡាវ មានព្រំដែន ខាងជើងឆៀងខាងលិចជាប់ប្រទេសចិន និង មីយ៉ាន់ម៉ា ខាងកើតជាប់វៀតណាម ខាងត្បូងជាប់កម្ពុជា និងខាងលិចជាប់ថៃ។ ប្រទេសឡាវគ្មានព្រំដែនជាប់សមុទ្រទេ។
ស្ថានដីប្រទេសនេះសម្បូរដោយភ្នំ និងខ្ពង់រាប និងជាជម្រករបស់សត្វព្រៃកម្រៗជាច្រើន។ ប្រទេសឡាវ ត្រូវបានគេស្គាល់ផងដែរថា ជាប្រទេសនៅតំបន់ត្រីកោណមាសដោយមានផ្ទៃដីដាំដុះអាភៀនប្រមាណ៣៧០០ ហិកតានៅឆ្នាំ២០០៧។ ប្រទេសនេះ ស្ថិតនៅតំបន់ត្រូពិច ទទួលឥទ្វិពលរបបខ្យល់រដូវ មានរដូវ២ គឺរដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងពីខែធ្នូដល់ខែមេសា។ ប្រទេសឡាវចែកចេញជា ១៦ខេត្ត និងមានរដ្ឋធានីនៅវៀងចន្ទន៍។
III. សេដ្ឋកិច្ច
សេដ្ឋកិច្ចឡាវពឹងផ្អែកខ្លាំងទៅលើការវិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ ប្រទេសនេះពុំសូវមានហេដ្ឋារចនាសម្ព័ន្ធទំនើបឡើយ ជាក់ស្តែងសូម្បីផ្លូវដែកក៏គ្មានផងដែរ។ នៅតំបន់ជនបទ ការផ្គត់ផ្គង់ភ្លើងអគ្គិសនីនៅមានកម្រិត។ ផលិតផលក្នុងស្រុកពាក់កណ្ដាល បានពីវិស័យកសិកម្ម ត្រូវបានប្រើប្រាស់ដោយប្រជាជន ៨០% ។ ប្រទេសឡាវជាប្រទេសដែលមានផ្ទៃដីដាំដុះអចិន្ត្រៃយ៍តិចជាងគេនៅក្នុងមហាអនុតំបន់មេគង្គ។ ជាក់ស្តែងផ្ទៃដីដាំដុះមានតែ ៤,០១% ប៉ុណ្ណោះដោយក្នុងនោះផ្ទៃដីដាំដុះអចិន្ត្រៃយ៍ មានតែ ០,៣៤% ប៉ុណ្ណោះ ដោយស្រូវជាដំណាំសំខាន់ជាងគេ។
សេដ្ឋកិច្ចឡាវទទួលជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រភពថវិកាអន្តរជាតិដទៃទៀត ក៏ដូចជាការវិនិយោគទុនពីបរទេស។ វិស័យទេសចរណ៍ជាឧស្សាហកម្មរីកចម្រើនលឿនជាងគេនៅប្រទេសឡាវ។ យ៉ាងនេះក្តី សេដ្ឋកិច្ចឡាវ រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីបាតុភូតលំហូរចេញនូវធនធានមនុស្ស។ តាមការសិក្សាមួយនៅឆ្នាំ ២០០៥ របស់ធនាគារពិភពលោក បានឱ្យដឹងថា ៣៧% នៃអ្នកចេះដឹងរបស់ប្រទេស ឡាវ សម្រេចចិត្តទៅរស់នៅបរទេស។
IV. ប្រជាជន
ប្រជាជនឡាវ ៦៩% ជាជនជាតិលាវ។ ក្រុមជនជាតិមួយនេះកាន់កាប់តំបន់ទំនាប និងដើរតួនាទីចម្បងក្នុងវិស័យនយោបាយ និងវប្បធម៌។ ជនជាតិលាវស្ថិតក្នុងអម្បូរ ជនជាតិតៃ ដែលបានធ្វើដំណើរមកពីប្រទេស ចិន។ អ្នកស្រុកភ្នំ និងជនជាតិភាគតិចនៅប្រទេសឡាវ រស់នៅតំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ កុលសម្ព័ន្ឋចម្រុះជាតិសាសន៍ វប្បធម៌ និងភាសា នៅមានជីវិតនៅតំបន់ភាគខាងជើងនៃប្រទេស រួមមានជនជាតិលួ និងជនជាតិឃ្មុ ដែលជាជនជាតិដើមឡាវ។ បច្ចុប្បន្ន ជនជាតិលួ ស្ទើតែជិតផុតពូជទៅហើយ។ ចំណែកក្រុមជនជាតិចិន និងវៀតណាម ច្រើនរស់នៅតាមទីក្រុង។
V. វប្បធម៌
ភាសាផ្លូវការនៅឡាវគឺភាសាលាវ ដែលស្ថិតក្នុងអំបូរភាសាតៃ។ ភាសាបារាំងដែលមានប្រើជាទូទៅក្នុងជួររដ្ឋាភិបាល និងពាណិជ្ជកម្ម បានចុះទន់ខ្សោយបន្ដិចម្ដងៗ ខណៈការប្រើប្រាស់ភាសាអង់គ្លេស កាន់តែពេញនិយម។
ព្រះពុទ្ឋសាសនាថេរវាទមានឥទ្ឋិពលជាចម្បងដល់វប្បធម៌ឡាវ ដែលបង្ហាញឱ្យឃើញតាមរយៈភាសា សិល្បៈ អក្សរសាស្ត្រ ជាដើម។ យ៉ាងនេះក្ដី វប្បធម៌ដើមរបស់ឡាវមួយចំនួនដែលមានជីវិតតាំងពីមុនការមកដល់នៃសាសនាព្រះពុទ្ឋសាសនានៅតែត្រូវបានបន្តថែរក្សាដល់បច្ចុប្បន្ន ដូចជា គែន ដែលជាឧបករណ៍តន្ត្រីរបស់ជាតិ មានកំណើតតាំងពីបុរេប្រវត្តិមកម៉្លេះ។ សូមជម្រាបថា ប្រទេសឡាវ មានបេតិកភណ្ឌពិភពលោកចំនួន ២ គឺ ហ្លួងព្រះបាង និងវត្តភូ។
ដោយស្រូវជាអាហារចម្បងនៅប្រទេសឡាវ ទើបមានពិធីសាសនា និងប្រពៃណីជាច្រើនទាក់ទិននឹងការបង្កបង្កើនផលស្រូវ។ ជាក់ស្តែង អ្នកស្រែជនជាតិឃ្មុនៅហ្លួងព្រះបាង តែងដាំស្រូវប្រភេទខាវកាំក្នុងបរិមាណតិចតួចមួយនៅក្បែរខ្ទម ជាការរំលឹកគុណដល់មាតាបិតារបស់គេដែលបានចែកឋានទៅ ឬក៏ដាំនៅក្បែរភ្លឺស្រែដើម្បីបញ្ជាក់ថា មាតាបិតារបស់គេនៅមានជីវិត៕