(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះបញ្ជាផ្ទាល់ឲ្យមន្រ្តីស្ថាប័នជំនាញ រួមជាមួយអាជ្ញាធរពាក់ព័ន្ធយកគ្រឿងចក្រ ទៅកាយយកអាចម៌ដី ដែលជនមិនស្គាល់អត្តសញ្ញាណ ចាក់ដីរំលោភយកដៃមាត់ព្រែកក្បាលរមាស ដោយខុសច្បាប់ធ្វើជារបស់ខ្លួនឲ្យដូចសភាពដើមវិញ។
ការចុះបញ្ជាផ្ទាល់របស់អភិបាលខេត្តកំពត ធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅភូមិសាស្រ្តចំណុចដៃព្រែកធម្មជាតិ ជិតស្ពានក្បាលរមាស ជាប់ខាងជើងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
លោក ជាវ តាយ បានបញ្ជាក់ថា រាល់ដីសាធារណៈរបស់រដ្ឋ មិនអាចបុគ្គលណា មានសិទ្ធិកាន់កាប់ ឬមានបំណងទន្ទ្រានរំលោភយកមកកាន់កាប់ ដោយល្មើសច្បាប់បានឡើយ។ ជាការជាក់ស្ដែងទីតាំងដីនេះ គឺជាដីដៃព្រែក ដែលមានមុខងារយ៉ាងសំខាន់ក្នុងការដោះទឹកនាំចូល ក្នុងព្រែកក្បាលរមាស ទៅក្នុងសមុទ្រថែមទៀតផង។
លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីអាជ្ញាធរពាក់ព័ន្ធ ត្រូវតែកាយយកអាចម៍ដី ដែលបានចាក់ចូលដៃព្រែកនេះឲ្យបានឆាប់ និងក៏បានរលឹកណែនាំ ដល់អាជ្ញធរមូលដ្ឋាន ក៏ដូចមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ មុននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ ធ្វើការសុំច្បាប់ចាក់ដីអភិវឌ្ឍទីតាំងអ្វីមួយ ត្រូវតែពិនិត្យឲ្យបានគ្រប់គ្រាន់រាល់ឯកសារ ឲ្យបានត្រឹមត្រូវស្របច្បាប់ ថាតើទីតាំងដីដែលប្រជាពលរដ្ឋបានស្នើសុំចាក់ដីនោះ មានប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់ដែរឬនៅ។
លោកសង្កត់ធ្ងន់ថា បើពុំដូច្នោះទេសូមអាជ្ញាធរមូលដ្ឋាន សូមកុំអនុញ្ញាតឲ្យចាក់ដីឲ្យសោះ ព្រោះការហាមឃាត់ដូចនេះ គឺដើម្បីរួមគ្នាទប់ស្កាត់រាល់បទល្មើស ឬបុគ្គល ដែលតែងតែដើររំលោភបំពានយកដីរដ្ឋ ឬឯកជនដែលនាំឲ្យកើតជាវិវាទទំនាស់ដីធ្លី និងនាំឲ្យមានការលំបាកដល់អាជ្ញាធរ ឬថ្នាក់ដឹកនាំ។
ក្នុងនោះដែរ ទោះបីរកជនល្មើសមិនទាន់ឃើញយ៉ាងណាក៏ដោយចុះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវវែកមុខរកជនល្មើសមកប្រឈមមុខចំពោះច្បាប់៕