(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាង១,០០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ ដោយសារផ្ទះរបស់ពួកគាត់ ត្រូវទឹកលិចទាំងស្រុង។ ពលរដ្ឋទាំងអស់នេះ មកពីឃុំចំនួន៤ រួមមាន៖ ឃុំជីរ៉ូ១, ឃុំទន្លេបិទ, ឃុំបឹងប្រួល និងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយមានទឹកជំនន់បណ្តាលមកធម្មជាតិបែបនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រោះមហន្តរាយ និងអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ សហការជាមួយអង្គការការីតាសកម្ពុជា ឆ្លើយតបទាន់ពេលវេលា ដោយជួយទូកចំនួន៤គ្រឿង និងម៉ាស៊ីនទូក១គ្រឿង ស៊ីទែន២ បង្គន់៤ ធុងចម្រុះទឹកស្អាតចំនួន២ តងខៀវចំនួន១២៥តង់ យកទៅចែកជូន និងពិនិត្យស្ថានភាព។
ដោយឡែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន៤០០តង់ សម្រាប់ជួយសម្រាលដល់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានកោតសរសើរអាជ្ញាធរខេត្តផងដែរ ក្នុងការងារសង្រ្គោះទាន់ពេលវេលា មិនឲ្យប្រជាជនណាម្នាក់គ្រោះថ្នាក់ឡើយ។
បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណដល់ អង្គការការីតាសកម្ពុជា ដែលតែងតែចូលរួមសហការគាំទ្រជាប្រចាំ ពេលមានគ្រោះមហន្តរាយម្តងៗ និងអរគុណក្រសួងសុខាភិបាល បានយកពេទ្យប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីត្រៀមជួយសង្រ្គោះក្នុងការឈឺដង្កាត់ផ្សេងៗ៕