(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រតិភូនៃធនាគាអភិវឌ្ឍន៍ចិន (China Development Bank) ដែលដឹកនាំដោយ លោក លាវ ហ្វួ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការសកល បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងជំនួបនោះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើសុំ លោក លាវ ហ្វួ ជួយជ្រុំជ្រែង និងជម្រាបជូនដល់ប្រធានក្រុមប្រឹក្សាភិបាលធនាគារ លើការបញ្ជូនកម្ចីទុនវិនិយោគ នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីទាំងពីរនៅកម្ពុជា ឲ្យបានឆាប់រហ័សបំផុត ដើម្បីឆ្លើយតបតាមតម្រូវការ នៃទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស នាពេលបច្ចុប្បន្ន។
ក្នុងកិច្ចពិភាក្សាការងារនេះ លោក លាវ ហ្វួ បានជម្រាបជូន លោកបណ្ឌិតរដ្ឋមន្ត្រីថា ធនាគាអភិវឌ្ឍន៍ចិន ជាធនាគាពាណិជ្ជកម្មមួយដ៏ធំមួយ នៃសាធារណរដ្ឋប្រជាមានិតចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញចក្ខុវិស័យ និងគោលដៅគំនិតផ្តួចផ្តើមខែក្រវ៉ាត់ និងផ្លូវ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះ ធនាគារបស់លោក បានចូលរួមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា នាពេលកន្លងមក។
លោកបានបន្តថា ឥឡូវនេះ ធនាគារបស់លោក នឹងយកចិត្តទុកដាក់លើការចូលរួមចំណែក នៃការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរស៊ីវិលនៅកម្ពុជា តាមរយៈការផ្តល់កម្ចីទុនវិនិយោគដោយផ្ទាល់ ជាពិសេសលើការកសាងអាកាសយានដ្ឋានអន្តរថ្មីនៅភ្នំពេញ និងនៅសៀមរាប ដោយឃើញនូវកំណើននៃការដឹកជញ្ជូនតាមផ្លូវអាកាស នៅកម្ពុជា មានភាពរឹងម៉ាជាលំដាប់។
ជាការឆ្លើយតប លោកបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ និងវាយតម្លៃយ៉ាងខ្ពស់ លើការចូលរួមចំណែករបស់ធនាគាអភិវឌ្ឍន៍ចិន ក៏ដូចជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែល បានឆ្លើយតបយ៉ាងទាន់ពេលវេលា មានប្រសិទ្ធភាព និងពុំមានលក្ខខណ្ឌ លើការផ្តល់ទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នាពេលកន្លងមក ហើយបានឈានមកដល់ដំណាក់ថ្មីមួយទៀត នៃការយកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរស៊ីវិល៕