(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញអង្ករចំនួន១.០០០តោន និងថវិកាចំនួន២.០០០លានរៀលជូនដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងឡាយ ដែលប្រឈមនឹងគ្រោះទឹកជំនន់។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន ដែលបានគ្រោងទុក។
តាមការប្រកាសលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញអង្ករចំនួន ១.០០០តោន និងថវិកាចំនួន ២.០០០លានរៀលជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងឡាយ ដែលប្រឈមនឹងគ្រោះទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្គាប់ឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការនាំយកអង្ករ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់នៃបណ្តាខេត្តនានា ដែលស្ថិតតាមដងទន្លេ ពិសេសខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែលកម្ពស់ទឹកកំពុងលើសកម្រិតប្រកាសអាសន្ន ព្រមទាំងទឹកជំនន់ដោយទឹកភ្លៀងនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាការបាក់ច្រាំង ខ្យល់កន្ត្រាក់ និងហានិភ័យនានាដែលអាចនឹងកើតឡើង ហើយត្រូវត្រៀមជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់វេលា ទៅកាន់ទីទួលមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ ទឹកស្អាត និងសត្វអសិរពិស ក្នុងរដូវកាលទឹកជំនន់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល ក៏បានណែនាំផងដែរ ដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការត្រៀមផ្ដល់ស្រូវពូជ ជូនដល់ប្រជាកសិករនៅតាមបណ្តាខេត្តនានា ដែលបានដាំដុះស្រូវវស្សា ហើយទទួលរងការខូចខាតដោយគ្រោះទឹកជំនន់៕