(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះចំនួន ០២រូប ដែលបានមកស្នាក់នៅទីទួលសុវត្ថិភាពឃុំទន្លេបិទ ដែលបច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ប្រជាពលរដ្ឋដែលរងគ្រោះទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ម៉ៅ សុខា ភេទស្រី មានជំងឺពស់ចឹក
*ទី២៖ ឈ្មោះ លី ណាស់ ភេទស្រី មានជំងឺឡើងកម្ដៅ និងលើសសម្ពាធឈាមខ្ពស់។

លោក ហាក់ សុខមករា បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តរួមមាន៖ សម្ភារ និងថវិកាមួយចំនួនជូនដល់ជនរងគ្រោះទាំងពីរនាក់។

លោកបានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវប្រកាន់ខ្ជាប់គោលការណ៍ហូបស្អាត ផឹកស្អាត និងអនាម័យស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយសត្វ អាសិរពិស ដែលងាយនឹងកើតឡើងនារដូវទឹកជំនន់នេះ៕