(ក្រចេះ)៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។ ការបង្កើតសាខាថ្មីមួយនេះ ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរលើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់ក្រុមគួ្រសារនៅកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ, លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងលោក អ៊ិន មាត្រា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនព្រូដិនសលផងដែរ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ នៅកណ្តាលក្រុងក្រចេះតែម្តង។
ពិធីបើកសម្ពោធសាខាថ្មីនេះមានន័យថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា បច្ចុប្បន្នមានវត្តមាននៅខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីគ្របដណ្តប់ទីក្រុងសំខាន់ៗដទៃទៀត នាពេលអនាគតផងដែរ។
ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចរកបានតាមរយៈ ធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០១៣ ដែលមានសាខាចំនួន ១៥៦ទូទាំងប្រទេស។
លោក David Nutman បានថ្លែងថា«ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពដែលក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស និងជាក្រុមហ៊ុនដែលអតិថិជនមានជំនឿទុកចិត្តបំផុត។ យើងប្តេជ្ញាបម្រើសេចក្តីត្រូវការលើការការពារដល់ប្រជាពលរដ្ឋខ្មែរ និងជួយពួកគាត់ឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ តាមរយៈការផ្តល់ជូននូវសេវាកម្មជំនាញ និងដំណោះស្រាយដ៏ល្អបំផុតរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «ការបើកសម្ភោធសាខាថ្មីរបស់យើងនៅខេត្តក្រចេះនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការផ្ដល់ដំណោះស្រាយលើការការពារសុខភាព និងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទាំងអស់ មិនថា ពួកគាត់មានទីលំនៅនៅកណ្តាលទីក្រុងធំៗ រាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តដ៏ស្រស់ស្អាត ដូចជាខេត្តក្រចេះក៏ដោយ។ ដោយមានការប្តេជ្ញាចិត្ត និងការលះបង់ពីទីប្រឹក្សាហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់យើង ក្រុមហ៊ុនយើងអាចឆ្ពោះទៅមុខ និងបម្រើសេវាដល់អតិថិជនរបស់យើង ឱ្យបានកាន់តែប្រសើរឡើង តាមរយៈការស្ថិតនៅជិតពួកគាត់ និងស្វែងយល់ពីតម្រូវការរបស់ពួកគាត់»។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះការជ្រើសរើសខេត្តក្រចេះក្នុងការបើកសាខាថ្មីរបស់ខ្លួន និងចំពោះការជឿជាក់របស់ក្រុមហ៊ុន លើការអភិវឌ្ឍរបស់ខេត្តក្រចេះនាពេលអនាគត។ ការបើកសម្ពោធសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុនពូដិនសល ចំពោះខេត្តក្រចេះ ដោយក្រុមហ៊ុននឹងជួយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះ។ ខ្ញុំ រួមទាំងមន្ត្រីរដ្ឋាភិបាលរបស់ខ្ញុំ នឹងចូលរួមសហការជាមួយនឹងព្រូដិនសល និងជួយផ្សព្វផ្សាយការយល់ដឹងពីសេវាធានារ៉ាប់រង ដើម្បីបង្ហាញថា ទស្សនៈវិស័យរបស់ក្រុមហ៊ុនគឺការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសន្សំសំចៃប្រាក់សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់នាពេលអនាគត»។
នាពេលថ្មីនេះៗ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានលក់បណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណជាង ៤,៣ ពាន់លានដុល្លារ (គិតត្រឹម ខែមិថុនា ឆ្នាំ ២០១៩) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។
ថ្លែងក្នុងពិធីសម្ពោធនេះ លោក អ៊ិន មាត្រា លើកទឹកចិត្តឱ្យ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តផ្តោតលើការងាររបស់ខ្លួនក្នុងប្រទេសនេះ។ លោកបន្ដថា «ទោះបី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ទើបតែបានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសនេះ ក្នុងឆ្នាំ២០១៣ក៏ដោយ ប៉ុន្តែ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែនាំមុខគេក្នុងទីផ្សារនេះ។ ខ្ញុំចង់សង្កត់ធ្ងន់ថា សន្តិសុខហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ហើយក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់ជូនសេវាកម្មដ៏មានអត្ថប្រយោជន៍ជាច្រើន។
លោកបន្ដថា វិស័យធានារ៉ាប់រង មានសមាសធាតុ២សំខាន់ៗ គឺការផ្តល់ការសន្សំសំចៃប្រាក់ និងការការពារ ដែលខុសពីវិស័យផ្សេងទៀត។ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រឹងទំនុកចិត្ត និងការជឿជាក់សម្រាប់អតិថិជនរបស់ខ្លួន និងសូមជូនពរឱ្យព្រូដិនសល ជួបការជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន៕