(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត អាហារូបករណ៍ចំនួន២០កន្លែង នឹងត្រូវបានផ្ដល់ជូនសិស្សឆ្នើមដែលទើបប្រលងជាប់បាក់ឌុបឆ្នាំ២០១៩ តាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu របស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅកម្ពុជា។
អាហារូបករណ៍ SmartEdu មានតម្លៃសរុបរហូតដល់ទៅ១៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលរាប់បញ្ចូលទាំងថ្លៃបង់សាលា និងការចំណាយលើការរស់នៅ ក្នុងកំឡុងពេលនៃការសិក្សានៅមហាវិទ្យាល័យរបស់ពួកគេ។
កម្មវិធីអាហារូបករណ៍ SmartEdu នេះត្រូវបានផ្ដួចផ្ដើមឡើង ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សិស្ស ឲ្យបន្តការសិក្សាជាន់ខ្ពស់ ជាពិសេសអ្នកដែលបានខិតខំប្រឹងប្រែងសិក្សា និងធ្វើបានយ៉ាងល្អ ប៉ុន្តែមិនមានជោគវាសនា ឬក៏មានអារម្មណ៍ថាចង់បោះបង់ការសិក្សា ដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុន Smart មានមោទនភាពនឹងចូលរួមជាផ្នែកមួយនៃការចាប់ផ្តើមជំពូកថ្មីសម្រាប់ដំណើរជីវិតរបស់និស្សិតទាំង ២០នាក់នេះ។
សិស្សវិទ្យាល័យ ដែលទើបបញ្ចប់ការសិក្សាឆ្នាំ២០១៩នេះ អាចដាក់ពាក្យអាហារូបករណ៍នេះ ដើម្បីសិក្សាតាមសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដែលគ្រប់គ្រងដោយ ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិ NIPTICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីអាហារូបករណ៍ SmartEdu បានផ្ដល់អាហារូបករណ៍ដល់សិស្សចំនួន៥០នាក់ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ និស្សិត ហុង ម៉ារ៉ាឌី ដែលជាជ័យលាភីអាហារូបករណ៍ឆ្នាំ២០១៧ នៃកម្មវិធីអាហារូបករណ៍ SmartEdu បាននិយាយថា «បើមិនមានកម្មវិធីអាហារូបករណ៍ SmartEdu ខ្ញុំមិនអាចស្រមៃ ថាតើជីវិតរបស់ខ្ញុំនឹងជួបការលំបាកយ៉ាងណាទេ។ អាហារូបករណ៍នេះ មិនត្រឹមតែផ្តល់ឲ្យខ្ញុំនូវការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើកទឹកចិត្តឲ្យខ្ញុំចេះកែលម្អខ្លួនឯង ឲ្យក្លាយជាមនុស្សម្នាក់ដ៏ល្អប្រសើរ និង មានសមត្ថភាពនៅក្នុងសង្គម»។
ដើម្បីដាក់ពាក្យអាហារូបករណ៍ សិស្សត្រូវតែទទួលបាន និទេ្ទសរួម A ឬB ពីការប្រលងបាក់ឌុបខែសីហាឆ្នាំ2019។ ការដាក់ពាក្យអាចធ្វើបានតាមយៈគេហទំព័រ smartedu.com.kh ឬ ទទួលយកពាក្យសរសេរដៃនៅតាមសាខា Smart Shop ទូទាំងប្រទេស អោយបានមុនថ្ងៃទី6 ខែតុលាឆ្នាំ2019។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕