(ក្រចេះ)៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៨៥៧គ្រួសារ នៅភូមិចំនួន៤ ស្ដិតនៅឃុំដា ស្រុកចិត្របុរី ខេត្ដក្រចេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានទួលព្រះរាជអំណោយ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។
ក្នុងពិធីចែកព្រះរាជអំណោយនោះដែរ ដោយមានការចូលរួមពីលោក គុយ សុផល ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក-លោកស្រី ជាតំណាងកាកបាទក្រហមកម្ពុជា តំណាងក្រសួងស្ថាប័ននានា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ។
សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាហឬអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូត នៅទូទាំងប្រទេស ពិសេសព្រះហឬទ័យ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្ត្ររបស់ព្រះអង្គ ។
សម្ដេចក៏បានលើកឡើងផងដែរនូវសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តក្រចេះ ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចបានដឹកនាំប្រទេសជាតិ នាំកមនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពិសេសបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ណាមួយឡើយ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ បានប្រទានជូនដល់ប្រជារាស្រ្តរងគ្រោះ ដោយទឹកជំនន់ចំនួន ៨៥៧គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបានអង្ករ ៥០ គីឡូក្រាម ឃីត ១កញ្ចាប់ (មុង១ ភួយ១ សារុង១ និងក្រម៉ា១) មី១កេះ ត្រីខ១០កំប៉ុង កៅស៊ូតង់ ១ផ្ទាំង អាវយឺតមានស្លាព្រះរាជអំណោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សី ហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល៕