(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តព្រៃវែង លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តព្រៃវែង ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
ដោយសហការជាមួយរដ្ឋបាលខេត្តព្រៃវែង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនានេះឡើង ក្នុងគោលបំណងចូលរួមចំណែកដល់ការផ្សព្វផ្សាយ អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិល នៅក្នុងខេត្តព្រៃវែងបានស្វែងយល់កាន់តែច្បាស់ និងឈានទៅបង្កើតភាពជាដៃគូសហការ ជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ ជាងនេះទៀត នៅក្នុងអង្គវេទិកានេះ អង្គការសង្គមស៊ីវិលក៏បានលើកយកបញ្ហាប្រឈម និងសំណូមពរជាច្រើន មកជជែកពិភាក្សានិងផ្លាស់ប្តូរយោបល់ ដោយត្រង់ទៅត្រង់មកជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។
លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងថា វាជាការចាំបាច់ណាស់ក្នុងការធ្វើឱ្យមានសង្គតិភាពផែនការការងាររបស់អង្គការសង្គមស៊ីវិល ឱ្យស្របតាមផែនការអភិវឌ្ឍន៍និងវិនិយោគថ្នាក់មូលដ្ឋាន ជាពិសេសអង្គការសង្គមស៊ីវិលត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ហើយលោកក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានបន្តការសម្របសម្រួលនិងផ្តល់កិច្ចសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលត្រូវបន្តអនុវត្តការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន និងត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី ក៏ដូចជាការចុះបញ្ជីពន្ធដារ ដើម្បីអាចទទួលបាននូវការការពារដោយច្បាប់និងការអនុគ្រោះពន្ធផ្សេងៗ ក្នុងនាមជាអង្គការសង្គមស៊ីវិល។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរថ្នាក់ក្រោមជាតិនិងអង្គការសង្គមស៊ីវិលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពដៃគូដោយឆន្ទៈស្មោះត្រង់ និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលតែងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានផ្តល់នូវការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល ក្នុងការកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ ដែលនេះគឺជាគុណតម្លៃរួមដែលកើតចេញពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល៕