(ភ្នំពេញ)៖ ដូចទៅនឹងទម្លាប់រៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ទាំង៤៤៣នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលនឹងមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។
ក្នុងឱកាសជំនួបសំណេះសំណាលជាមួយនឹងសិស្សនិទ្ទេស A ទាំង៤៤៣នាក់ សម្តេចតេជោ ហ៊ុន សែន ក៏នឹងប្រគល់ iPad ជូនដល់និស្សិតនិទ្ទេស A ទាំង៤៤៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១គ្រឿងផងដែរ ហើយអំណោយនេះជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងបានឧបត្ថម្ភរៀងរាល់ឆ្នាំ ជូនដល់សិស្សនិទ្ទេស A។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩នេះ មានបេក្ខជនចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយបានប្រឡងជាប់ ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន ៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕