(កណ្តាល)៖ លោកចៅក្រម ជួន វណ្ណៈ ចៅក្រមទទួលបន្ទុកសំណុំរឿងអនុវត្ត នៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានចេញដីកាសម្រេចប្រគល់អចលវត្ថុ លេខ០១៩/១៩ ដោយសម្រេចលើ០២ ចំនុចសំខាន់ៗ រួមមាន៖
១៖ ប្រគល់អចលវត្ថុដីដែលមានទំហំ៤២.៦២៩,៦០ម៉ែត្រការ៉េ ដែលមានទីតាំងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ទៅឲ្យឈ្មោះ ឆាយ ហុង ចាប់ពីថ្ងៃនេះតទៅ។
២៖ បង្គាប់ឲ្យប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តកណ្តាល និងភូបាលស្រុកពញាឮ រៀបចំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដីមានទំហំ៤២.៦២៩,៦០ ម៉ែត្រការ៉េ ដែលមានទីតាំង ភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីកសាងប័ណ្ណតាមនីតិវិធីនៃច្បាប់ភូមិបាលចាប់ពីថ្ងៃនេះតទៅ។
សូមបញ្ជាក់ថា ករណីទិញអចលវត្ថុ (ដី) ទំហំ ៤២.៦២៩,៦០ម៉ែត្រការ៉េ ដែលមានទីតាំងភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គឺឈ្មោះ ឆាយ ហុង បានធ្វើការទិញតាមនីតិវិធីអនុវត្តលក់របស់សាលាដំបូងខត្តកណ្តាល ដែលមានធនាគារប្រៃសណីយ៍កម្ពុជា អ.ក ម្ចាស់បំណុល និងឈ្មោះ យ៉ែប សុភឿន និងកូនប្រុសឈ្មោះ យ៉ែម បូទី ជាភាគីកូនបំណុល ព្រមទាំងបានបង់ប្រាក់គ្រប់ចំនួន ប៉ុន្តែ ករណីនេះ ត្រូវបានកូនឈ្មោះ យ៉ែប សុភឿន លួចធ្វើលិខិតបញ្ជាក់ការ កាន់កាប់អចលវត្ថុថ្មីលើទីតាំងដីដដែល ដោយមានការឃុំឃិតជាមួយនឹងមេឃុំទំនប់ធំ លោក នូ ឡេន។
ចំពោះករណីក្នុងការចេញលិខិតបញ្ជាក់ការកាន់កាប់អចលនវត្ថុជាន់គ្នានេះ ត្រូវបានឈ្មោះ ឆាយ ហុង ប្តឹងមេឃុំទំនប់ធំ លោក នូ ឡេន និងឈ្មោះ យ៉ែប សុភឿន ទៅអង្គភាពប្រឆាំអំពើពុករលួយ ពីបទពុករលួយ រំលោភអំណាច និងមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕