(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ម៉ៅ ស៊ីណាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមចោរឆក់២នាក់ ដែលបានធ្វើសកម្មភាពឆក់ជនរងគ្រោះ ជាជនជាតិចិន បណ្តាលឱ្យធ្លាក់ពីលើកងបីបោកក្បាលស្លាប់នៅនៅចំណុចផ្លូវ១៧៣ កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដាក់ពន្ធនាគារ PJ។
ជនជាប់ចោទដែលត្រូវបានលោក ម៉ៅ ស៊ីណាត ចេញដីកាសម្រេចឱ្យឃុំខ្លួនមានឈ្នោះ ផៃ បូបញ្ញាបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហាក់ ម៉េងហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ ដាក់ពន្ធនាគារព្រៃស រងចាំកាត់ទោសនៅពេលក្រោយតាមកំណត់ច្បាប់។
ការសម្រេចឃុំខ្លួនក្រុមចោរឆក់ដ៏ដកម្មនេះ បានធ្វើឡើងបន្ទាប់ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់លើជន ត្រូវចោទទាំង២នាក់នេះ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបណ្តាលឱ្យមរណភាពជនរងគ្រោះ។
សូមរំលឹកថា នគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនពួកចោរ ឆក់ដ៏សកម្មទៅឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ បន្ទាបពីពួកគេទាំង២នាក់ ត្រូវចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់ស័ព្ទដៃ បានសម្រេច ហើយបណ្តាលឱ្យជនរងគ្រោះជនជាតិចិនម្នាក់ បាត់បង់ជីវិតក្នុងអំពើឆក់នោះដែរ។
រឿងហេតុនៃករណីឆក់នេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ិច វុឌ្ឍី បានឱ្យដឹងថា ការចុះបង្ក្រាបយុវជនទាំង២នាក់ គឺធ្វើឡើងដោយក្រុមនីតិវិធី នៃនាយកដ្ឋានព្រហ្មទណ្ឌ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ រហូតឈានទៅដល់ការឃាត់ក្រុមមុខសញ្ញាឆក់ទាំង២នាក់នោះមកវិញ ដើម្បីប្រគល់ឱ្យតុលាការកាត់ទោសតាមច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង២១៖៤០នាទី មានករណីឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជនជាតិចិន មិនស្គាល់ឈ្មោះ ដែលកំពុងជិះម៉ូតូកង់បី នៅចំណុចផ្លូវ១៧៣ កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បណ្តាលឱ្យជនរងគ្រោះ ធ្លាក់បោកក្បាលស្លាប់ ហើយសាកសពត្រូវបានដង្កល់ទុក នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ក្នុងបំណងមកធ្វើជំនួញ ព្រមទាំងបានមកស្នាក់នៅក្នុងសណ្ឋាគារ «អេនជេល ផាលេស» ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ ៧មករា រាជធានីភ្នំពេញ៕