(ហាណូយ, វៀតណាម)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីត្រីភាគី ទ្វេភាគីលើកទី១៨ កម្ពុជា-វៀតណាម-ឡាវ ស្តីពី កិច្ចសហប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន ដែលរៀបចំឡើង នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ប្រតិភូកម្ពុជា ដែលចូលរួម មានសមាសភាពជាមន្រ្តីជាន់ខ្ពស់ ជាតំណាងក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំង គ្រឿង ញៀន អភិបាលរងប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងស្នងការរងនគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម សរុបចំនួនជាង៣០នាក់។
បើតាមឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងពីកិច្ចប្រជុំថា កិច្ចប្រជុំធ្វើជាទៀងទាត់ ផ្លាស់ប្តូរវេនធ្វើម្ចាស់ផ្ទះ ហើយកិច្ចប្រជុំលើកទី១៨នេះ បានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំនួនដូចជា៖
*ទី១៖ សភាពការណ៍គ្រឿងញៀន និង ស្ថានភាពបទល្មើស គ្រឿងញៀនក្នុងប្រទេសទាំង៣ ពិសេសនៅតាមតំបន់ព្រំដែន
*ទី២៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក លើជំនាញសំខាន់ៗរួមមាន៖ អនុវត្តច្បាប់ព្យាបាលស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ ការស៊ើបអង្កេត រួមគ្នានិងការចែករំលែកផ្លាស់ប្តូរ ព័ត៌មានឲ្យគ្នាទៅវិញទៅមក។
*ទី៣៖ កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន តាមបណ្តាយព្រំដែនក្នុងពេលកន្លងមក
*ទី៤៖ ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណីស៊ើបអង្កេតគ្រឿងញៀន ដោយផ្អែកលើបញ្ជីឯកសារ, ការកត់ត្រាមុខសញ្ញាសង្ស័យ ដែលបានផ្តល់ដោយប្រទេសសមាជិក
*ទី៥៖ អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងពេលអនាគត៕