(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន០៤ខ្សែ ប្រវែងសរុប ៩៥៦ម៉ែត្រ ព្រមទាំងរៀបចំពិធី ពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល។

ផ្លូវបេតុងដែលត្រូវស្ថាបនារួមមាន៖

*ផ្លូវបេតុង០១ខ្សែ ប្រវែង៣៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ
*ផ្លូវបេតុងតភ្ជាប់០៣ភូមិ ចំនួន ០៣ខ្សែ ប្រវែង ៦២៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិដូង ភូមិហា និងភូមិស្វាយមានលក្ខណ៍។

សម្រាប់ការបើកការដ្ឋានសាងសង់ផ្លូវទាំងនេះ លោកអភិបាលខណ្ឌ បានរៀបចំមិនលោះថ្ងៃនោះឡើយ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជន សម្រាប់ធ្វើដំណើរទៅមក ប្រែក្លាយពីស្ថានភាពដ៏លំបាក ទឹកលិច ភក់ជ្រាំ មកជាផ្លូវបេតុង និងកៅស៊ូជាដើម។

ក្រៅពីការលើកឡើងចំពោះការរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូនមុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអាធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។

បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕