(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញា និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៣ ខែកញ្ញាតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែកញ្ញា និងប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកញ្ញាតទៅ»។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរ ស្ដីពី ការកំណត់នីតិវិធីសម្រាប់បើកផ្ដល់ប្រាក់របបសន្ដិសុខសង្គម រៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ជូនអតីតមន្ដ្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។
ការចេញសារាចរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណងដើម្បីធានាបើកផ្តល់របបសន្តិសុខសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជ ន និងអ្នកនៅក្នុងបន្ទុកតាម រយៈបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) និងបេឡាជាតិអតីតយុទ្ធជ ន (ប.ជ.អ) បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តង ក្នុង១ខែ នីមួយៗ៕