(ពោធិ៍សាត់)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលស្គាល់ថា ការស្តារលទ្ធភាពពលកម្ម នៅសហគមន៍ជូនជនពិការ គឺជាយុទ្ធសាស្ត្រមួយសម្រាប់ការស្តារលទ្ធភាពពលកម្ម ការផ្តល់ឱកាសស្មើភាពគ្នា ការកាត់បន្ថយភាពក្រីក្រ និងការដាក់បញ្ចូលជនពិការទៅក្នុងសង្គម។ ការងារនេះ បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការជំរុញឲ្យជនពិការទទួលបាននូវសេវាកម្មនានារបស់សង្គម និងសិទ្ធិយ៉ាងពេញលេញក្នុងការចូលរួម សកម្មភាពសង្គម។
គោលការណ៍រួមនៃការងារស្តារលទ្ធភាព ពលកម្មនៅសហគមន៍ គឺការធ្វើបរិយាបន្ន ការចូលរួម និរន្តរភាព ការផ្តល់សិទ្ធិអំណាច ការតស៊ូមតិដោយខ្លួនឯង និងបរិយាកាសដែលគ្មានឧបសគ្គ សម្រាប់ជនពិការហើយវាជាសក្តានុពលមួយ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការ ការផ្លាស់ប្តូរឥរិយាបទសង្គមមកលើ ជនពិការផងដែរ។
នេះជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ លើគម្រោងកម្មវិធីអភិវឌ្ឍន៍ សហគមន៍ប្រកបដោយបរិយាបន្ន រៀបចំធ្វើនៅខេត្តពោធិ៍សាត់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩។
សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រចាំខេត្តពោធិ៍សាត់ និងអង្គការដៃគូជាតិ និងអន្តរជាតិជាច្រើនស្ថាប័នទៀត។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមឲ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងប្រមូលចងក្រងឯកសារពាក់ព័ន្ធ កម្មវិធីអភិវឌ្ឍន៍សហគមន៍ប្រកបដោយបរិយាបន្នវិញ ដែលពីមុនកម្មវិធីស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ប៉ុន្តែបច្ចុប្បន្នត្រូវបានផ្លាស់ប្តូរមកជា កម្មវិធីអភិវឌ្ឍន៍សហគមន៍ប្រកបដោយបរិយាបន្នហើយកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
លោកបន្តថា ដូច្នេះដើម្បីអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព អ្នកដែលដើរតួនាទី ដ៏សំខាន់ក្នុងកិច្ចការនេះគឺ៖
១៖ សម្រាប់ថ្នាក់ជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើរតួនាទីជាអ្នកគ្រប់គ្រង សម្របសម្រួល និងធ្វើផែនការ ផ្តល់ការកសាងសមត្ថភាពត្រួតពិនិត្យ និងវាយតម្លៃលើកម្មវិធីស្តារលទ្ធភាព ពលកម្មនៅសហគមន៍។ កិច្ចសហប្រតិ បត្តិការរវាងក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ គួរត្រូវបានពង្រឹងឲ្យបានជិតស្និទ្ធិ។
២៖ សម្រាប់ថ្នាក់រាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរវិស័យ ដទៃទៀត គឺមានតួនាទីត្រួតពិនិត្យសកម្មភាព និងផ្តល់របាយការណ៍ជូនថ្នាក់ជាតិ អំពីវឌ្ឍនៈភាពនៃការងារស្តារលទ្ធភាព ពលកម្មនៅសហគមន៍។
៣៖ សម្រាប់ថ្នាក់មូលដ្ឋាន ការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាឃុំ បុគ្គលិក អង្គការមិនមែនរដ្ឋាភិបាល មេភូមិ ជនពិការ គ្រួសារ និងសហគមន៍របស់ពួកគេ គួរធ្វើការរួមគ្នា ដើម្បីអនុវត្ត និង គាំទ្រសកម្មភាពការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍ឲ្យមានប្រសិទ្ធភាព។ -
លោក ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ថា សិក្ខាសាលានេះពិតមែនតែមានរយៈពេលខ្លី តែវាមានសារៈសំខាន់ណាស់សម្រាប់ការងារគ្រប់គ្រង ការងារសម្របសម្រួល និងការអនុវត្ត ទាំងកម្រិតជាតិ រាជធានី ខេត្ត និងមូលដ្ឋាន សំដៅពង្រឹងគុណភាព និង ប្រសិទ្ធភាពក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ជូនជនពិការ។
លោករំពឹងថា តាមរយៈការបង្ហាញនូវលទ្ធផល និង ចំណុចខ្លាំង ចំណុចគួរកែលម្អរ ការចែករំលែកនូវបទពិសោធល្អពីគ្នាទៅវិញទៅមក និងការពិភាក្សារបស់ អង្គសិក្ខាសាលា យើងនឹងទទួលបាននូវលទ្ធផលផ្លែផ្កា និងអនុសាសន៍ល្អៗ ដើម្បីជាត្រីវិស័យសម្រាប់ការ រៀបចំ ផែនការសកម្មភាពអនុវត្តបន្តនាឆ្នាំខាងមុខ៕