(កំពត)៖ អ្នកស្រី លី ហួយ ហៅលាង ហ៊ុយ អាយុ៤៤ឆ្នាំ មានអាសយដ្ឋានភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បានអំពាវនាវរកយុត្តិធម៌ និងសុំកិច្ចអន្តរាគមន៍ ពីសំណាក់អភិបាលខេត្តកំពត លោក ជាវ តាយ ពាក់ព័ន្ធនិងតូបលក់របស់គាត់ចំនួន ៨តូប ត្រូវបានអ្នកជួលបង្កើតឯកសារមិនពេញលក្ខណៈ ឬស្របច្បាប់ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
អ្នកស្រីបានថ្លែងថា អ្នកជួលតូបបានជួលតូបលក់យូរឆ្នាំមកហើយ មិនបានបង់លុយ ថែមទាំងចង់ស៊ីដាច់តូបទាំងកំរោលទៀតផង ខណៈអ្នកស្រី បានប្តឹងតវ៉ាជាច្រើនលើក ច្រើនសារក្នុងរយៈពេលកន្លងមកទៅគ្រប់អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធជាច្រើន រហូតដល់ស្ថាប័នតុលាការ តែផ្ទុយមកវិញ រហូតមកដល់ពេលនេះ នៅតែរកច្រកដោះស្រាយមិនទាន់ឃើញនៅឡើយ ថ្វីត្បិតរូបអ្នកស្រី មានឯកសារពាក់ព័ន្ធពេញលេញស្របច្បាប់យ៉ាងណាក៏ដោយ។
អ្នកស្រី លី ហួរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា អ្នកស្រីជាម្ចាស់តូបតំណាងឲ្យម្ចាស់តូបដែលត្រូវជាបងប្អូនសរុបចំនួន៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ លី ហួយ ហៅលាង ហ៊ុយ ជារូបអ្នកស្រីផ្ទាល់
*ទី២៖ ឈ្មោះ ឈាម យូ ភេទប្រុស
*ទី៣៖ ឈ្មោះ ឈាង នួនហេង ភេទស្រី
*ទី៤៖ ឈ្មោះ លាង ទូច ភេទស្រី។ ទាំង៤នាក់ មានទីលំនៅក្នុងភូមិសង្កាត់ខាងលើ។ បងប្អូនមានតូបលក់ ក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពតចំនួន៨តូប។
អ្នកស្រី លី ហួយ បានបន្តទៀតថា បងប្អូនរបស់អ្នកស្រីចំនួន ៤នាក់ បានជួលតូបដែលជាកម្មសិទ្ធិរបស់អ្នកស្រី និងបងប្អូនចំនួន ៨តូប ក្នុង១តូបៗ មានទំហ៊ុ ៤×៦ម៉ែត្រ ក្នុងតម្លៃ ១តូបស្មើនឹង ២០ម៉ឺនរៀលក្នុងមួយខែ ជួលទៅឲ្យអាជីវករ២នាក់រួមមាន៖
*ទី១៖ ឈ្មោះ នាក់ រីណា ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិក្បាលរមាស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
*ទី២៖ ឈ្មោះ ហេង វួចយី ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពតខេត្តកំពត ដែលបានជួលនាក្នុងកំឡុងឆ្នាំ១៩៨៧ សម្រាប់លក់ត្រី និងបង្គា ក្តាម រហូតមកដល់ពេលនេះជាង៣០ឆ្នាំហើយ។
តាមអ្នកស្រី អាជីវករដែលជួលតូបទាំង២នាក់ខាងលើ បានជួលតូបរបស់ពួកគាត់ទាំង ៨តូប ទៅឲ្យអ្នកផ្សេងទៀតក្នុងតម្លៃចាប់ពី ១០០ដុល្លារ ទៅ១៥០ដុល្លារ ក្នុង១តូប ហើយអ្នកដែលជួលតូបបន្ត ៦នាក់ផ្សេងទៀត រួមទាំងអាជីវករអ្នកជួល ២នាក់ខាងលើ បានបង់លុយទៀងទាត់ ចាប់ពីថ្ងៃឆ្នាំជួលមកម្ល៉េះ។ តែចាប់ពីខែធ្នូ ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ពួកគេទាំង ៨នាក់ មិនបានបង់ថ្លៃជួលតូប ដូចសព្វដងទេ។ ផ្ទុយមកវិញ ពួកគេទាំង ៨នាក់ តែងរកវិធីគ្រប់បែបយ៉ាងដើម្បីលេបត្របាក់យកតូបទាំង៨ខាងលើ របស់បងប្អូនពួកគាត់ទាំង ៤នាក់ រួមមាន ៨តូប ធ្វើជាកម្មសិទ្ធិរបស់ខ្លួនទាំងភ្នែកស្រស់តែម្ដង។ ដោយបង្កើតឯកសារមិនពេញលក្ខណៈ ប្តឹងទៅអាជ្ញាធរក្រុងខេត្តឲ្យជួយរកដំណោះស្រាយដោយអះអាងថា ពួកគេបានកាន់កាប់ទាំង ៨តូបចាប់ពីឆ្នាំ១៩៨៧ មកម្ល៉េះ។
អ្នកស្រី លី ហួយ បានបញ្ជាក់ថា តូប ឬស្តង់នេះ ឪពុករបស់អ្នកស្រីឈ្មោះ តា ពក បានកាន់កាប់ តាំងពីឆ្នាំ១៩៨៧ ហើយបានជួលទៅឱ្យបងប្អូនអាជីវករ និងប្រមូលថ្លៃឈ្នួលជាធម្មតាលើទីតាំង ២៤កន្លែង ដោយឡែក បងប្អូនផ្សេងទៀត មិនដឹងមកលក់បានដោយរបៀបណានោះទេ។ អ្នកស្រី បានបញ្ជាក់បន្ថែមការកាន់កាប់តូប ឫស្តង់ពីមុនមានតែចុងសន្លឹកបញ្ជាក់ពីគណៈកម្មការផ្សារ ក្រោយមកនៅសម័យលោក ស៊ូ ហៀង គេយកចុងសន្លឹកទៅប្ដូរយកបង្កាន់ដៃកាន់កាប់តូបឬស្តង់វិញ។
អ្នកស្រី ក៏បានបញ្ជាក់ទៀតដែរថា តូបរបស់គាត់ និងបងប្អូនមានច្រើន ជួលទៅឲ្យអាជីវករប្រមាណជាង ៥០នាក់ តែពួកគេមិនបានប្រព្រឹត្តអ្វីដែលផ្ទុយនឹងលក្ខណ្ឌតិកៈ ឬកិច្ចសន្យាស្របច្បាប់ឡើយ។ ដោយឡែកមានតែអាជីវករ៨នាក់ ដែលជួល ៨តូបខាងលើនោះទេ ដែលមិនបានបង់លុយ ហើយថែមទាំងញុះញង់ ប្រឌិតរឿង បង្កើតចលាចលក្នុងសារ ប្តឹងទៅអាជ្ញាធរ បំភ្លើសការពិតទៀតផង។ អ្នកស្រី ក៏បានឲ្យដឹងបន្តថា ក្នុងដើមឆ្នាំ២០១៧ គាត់បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងចូលសាលាដំបូងខេត្ត ឲ្យចាត់ការពាក់ព័ន្ធនឹងករណីខាងលើ។ ប៉ុន្តែខាងអាជ្ញាធរ សុំយកករណីនេះមកធ្វើការសម្របសម្រួលដោះស្រាយគ្នា រវាងភាគីម្ចាស់តូប និងអ្នកជួលតូប។
ជាលទ្ធផលការផ្សះផ្សារបស់សាលាក្រុងកំពត និងគណៈកម្មការដោះស្រាយទំនាស់នាថ្ងៃទី៣២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពុំបានសះជា ហើយភាគីនោះនៅតែបន្តបំពានរំលោភ និងពុំព្រមស្ដាប់នូវការសម្របសម្រួលរបស់សមត្ថកិច្ចឡើយ។ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពត បានបង្កើតគណៈកម្មការដែលដឹកនាំដោយលោក ស៊ុក ដារ៉ាដ អភិបាលរងខេត្តកំពត ចុះធ្វើការស្រាវជ្រាវនៅផ្សារទីរួមខេត្តកំពត ដែលមានការពាក់ព័ន្ធទំនាស់ខាងលើ ឃើញថា ប្រជាពលរដ្ឋឬអាជីវករដែលជួលតូបបន្តគ្នាចំនួន ៣៨នាក់ ក្នុង៨តូបខាងលើ ពិតជារំលោភច្បាប់ប្រាកដមែន។
ដោយឃើញចំណាត់ការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការយឺតយ៉ាវ និងមិនមានដំណោះស្រាយនោះ អ្នកស្រី លី ហួយ និងបងប្អូន ដែលជាកូនរបស់លោកតា ពក បានដាក់ពាក្យទៅលោកអភិបាលខេត្តកំពត កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ សំណើសុំបង្វែរសមត្ថកិច្ចដោះស្រាយទំនាស់ជូនស្ថាប័នតុលាការវិញ។
តាមមតិតំណាងអាជីវករចំនួន ៩នាក់ ដែលសព្វថ្ងៃកំពុងប្រកបអាជីវកម្មនៅទីតាំងនោះដែរ បានគួរបញ្ជាក់ថា កន្លែងដែលពួកគាត់កំពុងរកស៊ីសព្វថ្ងៃនេះ បានជួលពីក្រុមគ្រួសាររបស់លោកតាពក នៅឆ្នាំ១០៨៧ រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លងតាមឯកសារលោក ឌី ប៊ុនសាង អតីតគណៈគ្រប់គ្រងផ្សារ និងជាប្រធានភូមិកំពង់បាយខាងជើង បានលើកឡើងថា នៅពេលបង្កើតផ្សារនេះ គណៈគ្រប់គ្រងផ្សារ ពុំមានលទ្ធភាពសាងសង់តូប ឬស្តង់ទេ ហើយក៏បានសំណូមពរចំពោះអ្នកដែលមានលទ្ធភាព ឲ្យធ្វើការសាងសង់ដំបូលតូបឬស្តង់ ហើយគណៈគ្រប់គ្រងផ្សារ បានចេញបង្កាន់ដៃបង់ប្រាក់ជូនអ្នកដែលបានសាងសង់។ ហើយកន្លែងដែលកំពុងមានទំនាស់នេះពិតជាកន្លែងដែលលោកតាពក បានសាងសង់ពិតមែន។
តែទោះជាយ៉ាងណាអ្នកស្រី លី ហួយ និងបងប្អូន ៣នាក់ទៀត សុំទទូចជួយអន្តរាគមន៍ស្របទៅតាមផ្លូវច្បាប់ ពីសំណាក់លោកអភិបាលខេត្តកំពត ជួយពន្លឿនពាក់ព័ន្ធផ្លូវច្បាប់ នៅសាលាដំបូងខេត្តកំពតផង។
យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀតបាននោះទេនៅថ្ងៃនេះ៕