(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវអ៊ុតបេតុងកៅស៊ូ (AC) លើកដំបូងកំរាស់ ៥សង់ទីម៉ែត្រ លើផ្លូវចំនួន ៣ខ្សែ ដែលមានប្រវែងសរុប ៤៨៥០ម៉ែត្រ ស្មើនិង៧២១៥០ម៉ែត្រការ៉េ ក្នុងក្រុងព្រះវិហារ។
លោក ប្រាក់ សុវណ្ណ បានចាត់ទុកថា ថ្ងៃនេះជាប្រវត្តិសាស្ត្រហើយ ដែលខេត្តព្រះវិហារ បានបើកការដ្ឋានសាងសង់ផ្លូវអ៊ុតបេតុងកៅស៊ូ (AC) ដែលមានកំរាស់ ៥សង់ទីម៉ែត្រ លើផ្លូវចំនួន ៣ខ្សែ ក្នុងក្រុងព្រះវិហារ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តព្រះវិហារ បានបន្តទៀតថា «សមិទ្ធិផលខាងលើនេះ គឺផ្តល់ជូនដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់រដ្ឋបាលខេត្តព្រះវិហារ តាមរយៈគម្រោងអភិវឌ្ឍន៍ ខេត្តសម្រាប់ឆ្នាំ២០១៩ និងមានគម្រោងផ្លូវអ៊ុតបេតុងកៅស៊ូប្រភេទនេះ សម្រាប់ផែនការអភិវឌ្ឍន៍ក្នុងខេត្តជាបន្តបន្ទាប់ សម្រាប់ឆ្នាំខាងមុខទៀត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ»។
ជាមួយគ្នានោះលោក ប្រាក់ សុវណ្ណ បានណែនាំដល់ក្រុមហ៊ុន ដែលទទួលការអនុវត្តន៍សាងសង់ផ្លូវនេះ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឲ្យផ្លូវនេះ មានគុណភាព និងសោភណ្ឌ័ភាព។ លោកអភិបាលខេត្តរំពឹងថា ក្រោយពីសាងសង់ផ្លូវនេះរួច នឹងជួយលើកសម្រស់ខេត្តរបស់យើង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត និងអាចទទួលបានផ្ការំដួល២ ឬ៣ទង នាឆ្នាំបន្តបន្ទាប់ទៀត។
ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលើកឡើងថា ផ្លូវចាក់បេតុង ៣ខ្សែ ក្នុងក្រុងព្រះវិហារ ដែលបើកការដ្ឋានជួសជុលនៅពេលនេះរួមមាន៖
*ទី១៖ ផ្លូវព្រះខន័ចាប់ពីកែងផ្លូវជាតិលេខ៩ ដល់ផ្លូវកែងលេខ៨ មានប្រវែង ១៣៤០ម៉ែត្រ
*ទី២៖ ផ្លូវលេខ៦២ ចាប់ពីរង្វង់មូលនាកពន្ធ័ដល់រង្វង់មូលព្រះនារាយ៍មានប្រវែង ៤៦០ម៉ែត្រ
*ទី៣៖ ផ្លូវម្លូរព្រៃចាប់ពីរង្វង់មូលនាគពន្ធ័ដល់កែងផ្លូវជាតិលេខ៩ សង់ដាកឺយមានប្រវែង៣០៥០ម៉ែត្រ។
លោក សំ លាងទ្រី បានគូសបញ្ជាក់ថា ផ្លូវទាំង ៣ខ្សែនេះ គឺបានសាងសង់តាំងពីឆ្នាំ២០០៥ម្ល៉េះ រហូតមកដល់ពេលនេះ មានអាយុកាល ១៥ឆ្នាំហើយ។
លោកថា ការដែលផ្លូវនេះអាចប្រើប្រាស់បានយូររហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែយើងមានការថែទាំជួសជុលជាប្រចាំផងដែរ ជាទូទៅប្រភេទផ្លូវ DBST ជីវិតរបស់វាគឺមានអាយុកាល ចន្លោះតែពី ៤ទៅ៦ឆ្នាំ ឆ្នាំប៉ុណ្ណោះ។ លោកថា បន្ទាប់ពីផ្លូវនេះសាងសង់រួច អាចប្រើប្រាស់បានរហូត ១០ឆ្នាំទៀត។
លោក សំ លាងទ្រី បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ទោះបីមានទឹកជំនន់លិចផ្លូវផ្នែកខ្លះ នៃក្រុងព្រះវិហារក៏ដោយ ប៉ុន្តែស្របពេលនិងទឹកស្រកវិញ អជ្ញាធរខេត្ត និងមន្ទីរជំនាញនឹងចាប់ផ្តើមយកចិត្តទុកដាក់ធ្វើការជួសជុលឡើងវិញហើយ។
លោកក៏សូមអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលមានលំដ្ឋានរស់នៅក្បែរផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់របស់យើងប្រយោជន៍ដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង ពោលកុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលប់លូ និងយកចំណីផ្លូវធ្វើអាជីវកម្មជាដាច់ខាត៕