(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឱកាសការងារចំនួន ៩០៣កន្លែងទៀតហើយ កំពុងរង់ចាំ សិស្ស/និស្សិត អ្នកស្វែងរកការងារ និងអ្នកមានបំណងចង់ផ្លាស់ប្តូរការងារថ្មី ជាមួយនឹងក្រុមហ៊ុនធំៗ ចំនួន១១ ក្នុងវេទិកាការងារនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ។
ក្រុមហ៊ុនធំៗទាំង១១នេះរួមមាន៖ ក្រុមហ៊ុន Toyota Cambodia, Lucky Supermarket, Asianerial Advisory Int co., ltd. , EZECOM , Master Suki Soup, ISI STEEL, SsangYong Cambodia, Yinkok Food Corp, Dyvith Hotel , Makro Cambodia, BROWN Coffee and Bakery ។
លោក ហោ រ៉ាវី ប្រធានផ្នែកប្រតិបត្តិធនធានមនុស្ស ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី បានបញ្ជាក់ថា នៅថ្ងៃស្អែកនេះ ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី នឹងចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងកម្មវិធីវេទិកាការងារ ដើម្បីជ្រើសរើសបុគ្គលិកមកបំពេញការងារបន្ថែមនៅក្រុមហ៊ុនប្រមាណ ចំនួន១២៥កន្លែង ទៅតាមមុខជំនាញផ្សេងៗគ្នា។ លោកបានបន្ថែមទៀតថា សូមឱ្យសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ សូមចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ដើម្បីឈានទៅរកការងារក្នុងក្តីស្រម៉ៃ ការអភិវឌ្ឍជំនាញ និងចំណេះដឹងផ្សេងៗទៀត។
ដូច្នេះសម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕