(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំដកពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ការអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងលោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនគរបាល ដែលពាក់ព័ន្ធជាច្រើនទៀតផងដែរ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ប្រធានក្រុមលេខាធិការដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសជារួមក្នុងខែសីហា បានកើតឡើង ចំនួន៦៣ករណី ប៉ុន្ដែដោយមានកិច្ចខិតខំប្រឹងប្រែងពីកម្លាំងគ្រប់អង្គភាពទាំងអស់ សហការគ្នាបង្ក្រាបបាន ចំនួន៥០ករណី ចាប់ខ្លួនជនសង្ស័យបាន៦៤នាក់ ស្មើនឹង៧៩ភាគរយ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានធ្វើការកត់សម្គាល់ឃើញថា បើទោះបីបទល្មើសជារួមមាន ការកើនឡើងមែន ប៉ុន្ដែការបង្ក្រាបក៏មានប្រសិទ្ធភាព ដោយមានការរួមដៃគ្នាយ៉ាងស្អិតរមួតពីកម្លាំងគ្រប់អង្គភាព ដែលមានការពាក់ព័ន្ធទាំងអស់ ហើយនេះក៏ជាមោទនភាព ចំពោះកងកម្លាំងទាំងអស់ផងដែរ។

ប៉ុន្ដែទោះជាយ៉ាងណា អគ្គស្នងការរង អ៉ិន បូរ៉ា ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់បន្ថែមទៀត សម្ដៅកាត់បន្ថយរាល់គ្រប់បទល្មើស ដែលអាចនឹងកើតមានឡើង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកម្លាំងនគរបាលជំនាញយុត្តិធម៌ ដែលបានបំពេញការងារយ៉ាងល្អប្រសើរ ដោយសហការជាមួយ កម្លាំងជំនាញពាក់ព័ន្ធទាំងអស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានណែនាំដល់នគរបាលព្រហ្មទណ្ឌទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយដែលអតីតកាល ឬបច្ចុប្បន្នកាលនេះ ធ្លាប់មានសកម្ម ភាពលួចឆក់ ដើម្បីដាក់ចេញវិធានការអប់រំទប់ស្កាត់ និងតាមដានបង្ក្រាប់ពេលមុខសញ្ញា ទាំងនេះធ្វើសកម្មភាពឡើងវិញ។

លោកបន្ដថា ជំនាញក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់មុខសញ្ញាទាំងឡាយ (លួច, ប្លន់, ចាក់ជក់, ប្រើប្រាស់គ្រឿងញៀន) ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន ឬដីកាស្វែងរកចាប់ខ្លួន (ដោយផ្អែកតាមសាលក្រម ឬសាល ដីកាស្ថាពរ) សម្ដៅរកឃើញនូវមុខសញ្ញាទាំងនោះ ដើម្បីធ្វើការបង្ក្រាប ឬក្តាប់បានពីការរត់គេចខ្លួនជាបុគ្គល ឬជាគ្រួសារ ដើម្បីមានវិធានការស៊ើបអង្កេតស្រាវជ្រាវឲ្យបានម៉ត់ចត់៕