(ភ្នំពេញ)៖ ជម្រើសជាតិកម្ពុជា នៅតែរក្សាតំណែងជើងឯករបស់ខ្លួនក្នុងបេះដូងពលរដ្ឋកម្ពុជារាប់សែនរាប់លាននាក់ ដែលបានចូលរួមទស្សនាផ្ទាល់ និងនៅតាមគេហដ្ឋានបើទោះបីជាលទ្ធផលនៃការប្រកួតប៉ះជាមួយបារ៉ែន ក្នុងវគ្គជម្រុះ World Cup 2022 មិនសមប្រកបតាមក្តីសង្ឃឹមរបស់អ្នកគាំទ្រក្តី។
លោក ម៉ៃឃើល សុវណ្ណ ពីភេស្ជៈប៉ូវកម្លាំង វើកបានមានប្រសាសន៍ថា «ពិន្ទុបារ៉ែន 1-0 កម្ពុជាគ្រាន់តែជាគ្រាប់បាល់ដែលបង្ហាញថា ក្រុមកម្ពុជាត្រូវការហ្វឹកហាត់បន្ថែម ដើម្បីបំបែកកំណត់ត្រាការប្រកួតជាមួយបារ៉ែន នៅពេលក្រោយណាមួយតែប៉ុណ្ណោះ»។
លោកបន្តទៀតថា «អ្វីដែលសំខាន់ជាងលទ្ធផលនៃការប្រកួតនោះ គឺក្តីស្រឡញ់ដែលអ្នកគាំទ្រជម្រើសជាតិកម្ពុជា មិនតិចជាង៥ម៉ឺននាក់ទេ ដែលបានស្រែកផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករកម្ពុជា តាមរយៈសម្លេងស្រែកហ៊ោថា «កម្ពុជា ឈ្នះ!ឈ្នះ!» ក្នុងកំឡុងពេលប្រកួត ហើយអ្វីដែលបង្ហាញកាន់តែច្បាស់ទៀតនោះ គឺអ្នកគាំទ្រកម្ពុជាទទួលស្គាល់ថា កីឡាករកម្ពុជាបានប្រឹងប្រែងខ្លាំងបំផុតហើយ»។
លោកក៏បានលើកទឹកចិត្តឱ្យកីឡាករកម្ពុជាប្រឹងប្រែងបន្តទៀត ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមអ៊ីរ៉ង់ នៅល្ងាចម៉ោង ៨៖៣០នាទីម៉ោងក្នុងស្រុកថ្ងៃទី១០ ខែតុលានៅលើទឹកដីអ៊ីរ៉ង់។ ដោយឡែក៥ថ្ងៃបន្ទាប់ក្រុមកម្ពុជា ក៏នឹងត្រូវប្រកួតជាមួយអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិអូឡំាពិកវេលាម៉ោង ៦៖៣០ នាទីល្ងាចថ្ងៃទី១៥ ខែតុលា ហើយយើងសង្ឃឹមថាការប្រកួតទាំងពីរនេះ កម្ពុជា នឹងទទួលបានជោគជ័យ៕