(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ បានចូលគោរពវិញ្ញាណក្ខន្ធរបស់ជនជាតិជប៉ុន២រូប ដែលបានបាត់បង់ជីវិត អំឡុងបំពេញបេសកកម្មសង្កេតការណ៍បោះឆ្នោត UN នៅកម្ពុជា។ នេះបើតាម Facebook ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
តាមការផ្សព្វផ្សាយរបស់ស្ថានទូតជប៉ុន នៅលើ Facebook បានឱ្យដឹងថា អតីតអ្នកស្ម័គ្រចិត្តសង្កេតការណ៍បោះឆ្នោត UN ទាំង២រូបនោះ រួមមាន លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលិសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់ នៅខេត្តបន្ទាយមានជ័យ និង លោកណាកាតា គឺជាអតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់អ៊ុនតាក់ នៅខេត្តកំពង់ធំ។
អ្នកទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិត កំឡុងបេសកកម្មនៅកម្ពុជា ហើយស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា ត្រូវបានតម្កល់នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា ស្ថិតនៅក្នុងវត្តឧណ្ណាឡោម រាជធានីភ្នំពេញ។ នេះបើតាមស្ថានទូតជប៉ុន។
លោក មិកាមិ រំឮកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុគតិភព។
គួរបញ្ជាក់ផងដែរថា លោកមិកាមិ មកបម្រើការងារនៅកម្ពុជា ជំនួសលោក ហ៊ិដេសា ហូរីណូជី ដែល អស់អាណត្តិ កាលពីខែសីហាកន្លងទៅ៕