(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ជូនឡាន១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ក្នុងកិច្ចជួយសម្រួលការធ្វើដំណើររបស់បងប្អូនជនរួមជាតិ ដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំបិណ្ឌខាងនេះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖ ១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។ ២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។
បើតាម លោក ផៃ ស៊ីផាន, កិច្ចប្រតិបត្តិការនេះ គឺចាប់ផ្តើមមុនមួយថ្ងៃ រហូតដល់មួយថ្ងៃក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ ហើយក្នុងឱកាសនោះផងដែរ រថយន្តក្រុងក្នុងរាជធានីភ្នំពេញក៏បានដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ៕