(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសម្រេចអនុម័តទាំងស្រុងលើ «ការធានារបស់ រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញ ថាមពលអគ្គិសនីផលិត ដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ប្រភពអគ្គិសនីផ្ទាល់ពីរោងចក្រផលិតអគ្គិសនីដុតធ្យុងថ្មចំនួន២ របស់ឡាវ ដែលមានអានុភាពសរុប ២៤០០ មេហ្កាវ៉ាត ស្ថិតនៅតំបន់រ៉ែធ្យុងថ្មនៃខេត្តសេកុង ប្រទេសឡាវ។
លោក ផៃ ស៊ីផាន បានអះអាងថា ផែនការបន្ថែមប្រភពអគ្គិសនី ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការឱ្យបានគ្រប់គ្រាន់ស្ថិរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការវិនិយោគផ្នែកសេដ្ឋកិច្ចដ៏ច្រើនលើគ្រប់វិស័យជាបន្ទាប់ រួចស្ថានភាពកាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ បានធ្វើឱ្យសកម្មភាពវិនិយោគនេះកើនលើពេលមុនៗ ជះឥទ្ធិពលឱ្យសេចក្តីត្រូវការប្រើបា្រស់អគ្គិសនីកើនឡើងច្រើនលើសពីការគ្រោងទុក ។
លោក ផៃ ស៊ីផាន បានបន្ថែមថា ក្នុងការបន្ថែមការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាងនេះ ដោយសារតែប្រទេសវៀតណាម និងប្រទេសថៃ គឺជាប្រទេសអ្នកប្រើអគ្គិសនីច្រើន ដែលការនាំចូលអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសទាំង២នេះ គឺជាការរំលែកប្រភពអគ្គិសនីពីការប្រើប្រាប់របស់ប្រទេសគេ ដែលឆ្នាំខ្លះសល់ ឆ្នាំខ្លះខ្វះ ដូច្នេះចំពោះការនាំចូលអគ្គិសនី យើងតម្រង់ទិសជាអាទិភាពទៅរកប្រទេសឡាវ ដែលជាប្រទេសអ្នកផលិតអគ្គិសនីដើម្បីលក់ចេញយកចំណូលវិញ ពីព្រោះការនាំចូលប្រភពអគ្គិសនីពីប្រទេសឡាវ ជាការនាំចូលប្រភពអគ្គិសនីមួយដែលមានលក្ខណៈអនុគ្រោះជាង ទាំងថ្លៃទាំងទំហំ និងទាំងលក្ខខណ្ឌទិញ ព្រមទាំងមានសុត្ថិវភាពយូរអង្វែងជាងផង។
ពិតមែនតែដូចនេះក៏ដោយសារតែប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសយើង នៅមានទំហំតូចនៅឡើយ យើងនៅត្រូវការតភ្ជាប់ជាមួយប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីធំ ដូចជាប្រព័ន្ធផ្តត់ផ្គង់ប្រទេសវៀតណាម ឬប្រព័ន្ធផ្គត់ផ្គង់ប្រទេសថៃ ក្នុងកម្រិតមួយសមស្រប ដើម្បីពង្រឹងលំនឹងនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសយើងផងដែរ។
ការវិនិយោគលើគម្រោងលើគម្រោងទាំង២ ខាងលើអាចដំណើរការទៅបាន និងអាចឱ្យអគ្គិសនី កម្ពុជា អាចទិញប្រភពអគ្គិសនីពីគម្រោងទាំង២ ដែលជាផលប្រយោជន៍យុទ្ធសាស្រ្តវែងឆ្ងាយសម្រាប់កម្ពុជា។ ផលចំណេញដែលកម្ពុជាអាចទទួលបានពីការទិញប្រភពអគ្គិសនីពីគម្រោងផលិតអគ្គិសនីទាំង២ខាងលើនេះមានដូចខាងក្រោម ៖
* ទទួលបានថ្លៃអគ្គិសនី ៧,៧ សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង ជាតម្លៃថោកធៀបនឹងបណ្តោរោងចក្រផលិតអគ្គិសនីដុតធ្យួងថ្មផ្សេងទៀតនៅកម្ពុជា និងមានតម្លៃថេរ មិនដូចការនាំចូលធ្យូងថ្មពីទីផ្សារអន្តជាតិ ដែលមានហានិភ័យថ្លៃខ្ពស់ ហើយថ្លៃនេះបានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃភ្លើងនាពេលអនាគត។
* ទទួលបានលក្ខខណ្ឌបច្ចេកទេស និងសេដ្ឋកិច្ច នៃកិច្ចព្រមព្រៀងទាំង ២ មានលក្ខណៈប្រសេរីជាងកិច្ចព្រមព្រៀងដែលធា្លប់មានកន្លងមក ។
* ថាមពលអគ្គិសនីដែលទទួលបានពីប្រភពទាំង ២ អាចនឹងជួយកាត់បន្ថយការទិញអគ្គិសនីដែលមានតម្លៃថ្លៃពីប្រភពនាំចូលមកពីប្រទេសវៀតណាម និងប្រទេសថៃ ក្នុងពេលបច្ចុប្បន្នផងដែរ ។
* ប្រភពអគ្គិសនីថ្មីពីគម្រោងទាំង ២ ខាងលើធានាបាននូវការផ្គត់ផ្គង់បន្ថែមដល់ប្រព័ន្ធជាតិឱ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំងដែលបណ្តាស្ថានីយវារីអគ្គិសនីយើងមួយភាគធំពុំមានលទ្ធភាព ផលិតបានច្រើនអាចដំណើរការបានត្រឹមតែប្រមាណ ៣០ ភាគរយ នៃលទ្ធភាពផលិតរបស់វា ។
* នាំមកនូវការស្វែងយល់ និងបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនាញរបស់កម្មករនិយោជិតអគ្គិសនីកម្ពុជា តាមរយៈការសិក្សានៅស្ថានីយផ្ទាល់។
* ការទទួលយកគម្រោងវិនិយោគទាំង ២ នេះ នឹងផ្គល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាវិនិយោគសាងសង់ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ៥០០ គីឡូវ៉ុល ថ្មីបន្ថែមទៀត ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានថ្លៃទាបសមរម្យ ពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាពខាងត្បូងនៃប្រទេសឡាវ មុនឆ្នាំ២០២៤ សម្រាប់បំពេញកង្វះខាតអគ្គិសនីនៅក្នុងប្រទេសយើង ។ លើសពីនេះទៀត ប្រព័ន្ធខែ្សបញ្ជូនថ្មីទាំងនេះក៏នឹងផ្តល់ឱកាសថ្មីឱ្យប្រទេសកម្ពុជាអាចទិញថាមពល បន្ថែមពីប្រភពផ្សេងៗទៀត ដែលមានថ្លៃទាបនៅថ្ងៃអានាគត នៅពេលដែលប្រទេសកម្ពុជាមានតម្រូវការ ស្របតាមស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យថាមពលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
* មិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា៕