(កណ្ដាល)៖ ប្រតិបត្តិការរយៈពេល៣ថ្ងៃ នៃការទាញយកសាឡង់បូមខ្សាច់ទម្ងន់ជិត ២,០០០តោន ជាប់គឿងនឹងសរសរទី៣ របស់ស្ពានព្រែកតាមាក់ នៅមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយទេ បើទោះបីក្រុមជួយសង្គ្រោះបានប្រឹងប្រែង ប្រើជាច្រើនមធ្យោបាយក៏ដោយ។
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារជួយសង្គ្រោះ ដែលមានខាងក្រសួងពាក់ព័ន្ធ និងអ្នកជំនាញមកពីកំពង់ផែស្វយ័តភ្នំពេញ ក្រោមការដឹកនាំបញ្ជារបស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចជាគោលការណ៍រួម គឺដាក់សាឡង់ចូលទៅបូកខ្សាច់ ចេញពីបាតសាឡង់ ដែលជាប់គឿងនឹងសសរនោះ ដើម្បីទាញចេញ។
ថ្លែងប្រាប់ក្រុមការងារ Fresh News ដែលចុះទៅដល់ទីតាំងនោះផ្ទាល់ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពេលដែលបូមខ្សាច់ ចេញពីបាតសាឡង់នោះអស់ហើយ ទើបក្រុមការងារចាប់ផ្ដើមទាញចេញ ដើម្បីឲ្យវាស្រាល ទើបទាញសាឡង់ និងចេញ បើមិនធ្វើបែបនេះ វាមិនអាចចេញបានទេ ទើបជម្រើសយកវិធានការនេះ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការបូមខ្សាច់នេះ បើតាមអ្នកជំនាញ អះអាងថា អាចចំណាយពេល២-៣ម៉ោង ទើបបូមខ្សាច់ពីបាតសាឡង់នេះអស់។ លោកបន្ដថា ដោយសារតែទឹកហូរខ្លាំង ធ្វើឲ្យជួបផលលំបាក ដូច្នេះដើម្បីបូមខ្សាច់ពីសាឡង់នេះ ត្រូវតែប្រើយុថ្កាទាញ និងប្រើកប៉ាល់មួយ ដើម្បីជំនួសទាញសាឡង ដែលចូលបូមខ្សាច់ ក្នុងសាឡង់ដែលលិចនេះ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ មានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើក និងទៅជាប់គាំង ជាមួយសសរស្ពានព្រែកតាមាក់ (សសរទី៣) បណ្តាលឲ្យគាបជាប់នៅនឹងសសរស្ពានទី៣ ស្ពានព្រែកតាម៉ាក់តែម្តង។ ភ្លាមៗក្រោយទទួលបានព័ត៌មាន អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយទាញក្បាលសាឡង់ដឹកខ្សាច់នេះ ចេញពីសសរស្ពាន។
បើតាម ឧត្តមសេនីយ៍ស្នងការ អ៊ាវ ចំរើន ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់ផ្សេងទៀត ឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត៕