(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ iPad ជូនដល់សិស្សជាប់និទ្ទេស A ឆ្នាំ២០១៩ ទាំង៤៤៣នាក់ ម្នាក់មួយគ្រឿង ដែល iPad នេះជាអំណោយរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងតែឧបត្ថម្ភជារៀងរាល់ឆ្នាំ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ក្នុងនោះមានដូចជា៖
១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។
២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, និទ្ទេស B ចំនួន២៤៣០នាក់, និទ្ទេស C ចំនួន៥៨៤៧នាក់, និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕