(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដោយឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់ លោក ស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងការបរទេសកម្ពុជា បានពន្យល់សហរដ្ឋអាមេរិកថា៖ «ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសាយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដូចបណ្តាប្រទេសដទៃទៀតដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល (civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តីដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានរលឹកទៀតថា «ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន»។
ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានណែទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖