(កណ្ដាល)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈប្រតិភូខេត្តកណ្ដាលជាច្រើននាក់ដឹកនាំដោយលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត ទៅខេត្តអានយ៉ានប្រទេសវៀតណាម ដើម្បីបើកការប្រជុំប្ដូរវេនបូកសរុបការងារ៦ខែដើមឆ្នាំ២០១៩ ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ គឺថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៩។
លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានប្រាប់មកអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅយប់ថ្ងៃទី១០នេះថា កិច្ចប្រជុំជាមួយវៀតណាមនេះ ផ្ដោតសំខាន់ទៅលើកិច្ចការផ្សេងៗចំពោះមុខ ដែលកើតមាននៅជាប់ព្រំដែនប្រទេសទាំង២រួមមាន៖ កិច្ចការសន្តិសុខ ការអភិវឌ្ឍន៍តាមព្រំដែន កិច្ចសេដ្ឋកិច្ច ការសហប្រតិបត្តិការលើវិស័យផ្សេងៗពាក់ព័ន្ធនឹងផលប្រយោជន៍នៃខេត្តទាំង២ (កណ្ដាល-អានយ៉ាន) ការទប់ស្កាត់ការជួញដូរគ្រឿងញៀន ការទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់។
លោកបន្តថា ជាលទ្ធផលថ្ងៃដំបូង ភាគីទាំង២ បានសម្រេចឯកភាពគ្នាលើកិច្ចការជាច្រើនក្នុងន័យរួមគ្នាសហប្រតិបត្តិការលើការងារព្រំដែនឲ្យបានល្អប្រសើរ ព្រមទាំងកិច្ចការជាច្រើនផ្សេង ។
លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ចំពោះការប្រជុំនេះ ធ្វើឡើងជារៀងរាល់៦ខែម្ដង ពោលគឺ៦ខែដើមឆ្នាំ ប្រជុំនៅឯប្រទេសវៀតណាម ហើយ៦ខែចុងឆ្នាំប្រជុំនៅប្រទេសកម្ពុជាវិញម្ដង៕