(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញដល់មន្ដ្រីសុខាភិបាល ពង្រឹងគុណភាព លើកកម្ពស់ការផ្ដល់សេវា កាន់តែប្រសើរជូនពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ដ្រីប្រគល់វិញ្ញាបនបត្រ ISO 15189 ដល់មន្ទីរពិសោធន៍បង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ សាលប្រជុំ បាយ័ន នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ដើម្បីពង្រឹងគុណភាពឱ្យកាន់តែប្រសើរ យើងត្រូវខិតខំរួមគ្នាធ្វើវា នោះនឹងមានលទ្ធផលល្អ។ ជាងនេះទៅទៀត ដើម្បីដើរទាន់នឹងភាពរីកចម្រើននៃវិស័យវេជ្ជសាស្ដ្រ យើងត្រូវស្វះស្វែងពង្រឹងជំនាញ ភ្ជាប់ជាមួយការចូលប្រឡងប្រណាំង ដើម្បីដឹងពីភាពប៉ិនប្រសព្វរបស់យើងផងដែរ»។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានជំរុញដល់មន្ទីរពេទ្យទាំងអស់ ប្រឹងប្រែងក្នុងការកែលម្អទៅលើមន្ទីរពិសោធន៍សាធារណៈរបស់ខ្លួនជាបន្តបន្ទាប់ ដោយរាល់ចំនុចខ្វះខាតមួយចំនួន ត្រូវរួមគ្នាកែសម្រួល តាមរយៈការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាព របស់មន្ទីរពិសោធន៍ទាំងនោះ។
លោករដ្ឋមន្ត្រី បានថ្លែងបន្ដថា ក្រសួងចង់ឱ្យមន្ទីរពិសោធន៍វេជ្ជសា្រស្តទាំងអស់ កែរលំអរគុណភាពសេវារបស់ខ្លួន ដោយប្រើប្រាស់សេវាកែលំអរគុណភាព ដែលមានស្រាប់នៅក្នុងប្រទេស ជាពិសេសសេវាដែលរៀបចំដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដូចជា ការបណ្តុះបណ្តាលលើការគ្រប់គ្រងប្រព័ន្ធគុណភាព មន្ទីរពិសោធន៍ក៏ដូចជាការចូលរួមក្នុង ការវាយតម្លៃគុណភាពពីខាងក្រៅ និងការវាស់ក្រឹត ទៅលើឧបករណ៍ចំាបាច់ ដែលប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ ដូចជា pipette និង thermometer។
លើសពីនោះ លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងសុខាភិបាល ផ្តល់ការគាំទ្រដល់ វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំដល់ ប្រធានមណ្ឌលសុខភាព និងបន្តទៅប្រធានមន្ទីរពេទ្យបង្អែកក្នុងពេលឆាប់ៗខាងមុខ នេះហើយកន្លងមក ក៏បានពង្រឹងសមត្ថភាពភាពមន្ត្រីជំនាញក្នុងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យបង្អែកជាច្រើនកន្លែងចាប់តាំងពីឆ្នាំ២០១១មក តាមរយៈកម្មវិធីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដែលកម្មវិធីនេះបានចូលរួមចំណែកជាចលករយ៉ាងសំខាន់ ក្នុងការនាំមកនូវការទទួលបាន ជោគជ័យក្នុងការវាយតម្លៃគុណភាពស្តង់ដារជាលក្ខណៈអន្តរជាតិ ISO 15189 Plus កាលពីដើមឆ្នាំកន្លងមកនេះ។
រដ្ឋមន្ត្រី បានថ្លែងផ្តាំផ្ញើដល់មន្រ្តីមន្ទីរពិសោធន៍ ឱ្យបន្តថែរក្សា គុណភាព សេវារបស់ខ្លួន ដើម្បីផ្តល់នូវលទ្ធផលត្រឹមត្រូវ ជាទីទុកចិត្ត និងទាន់ពេលវេលា ដល់អ្នកជំងឺ ព្រោះថាការទទួលបាននូវការទទួលស្គាល់គុណភាពអន្តរជាតិ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ តែការអនុវត្តដោយខ្ជាប់ខ្ជួន និងថែរក្សាគុណភាពឱ្យមាននិរន្តរភាព គឺជាការងារ ដែលត្រូវធ្វើចាំបាច់ជាបន្ត ដើម្បីចូលរួមលើកកម្ពស់គុណភាព សេវាសុខាភិបាលនៅប្រទេសកម្ពុជាយើង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីជឿជាក់យ៉ាងមុតមាំថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ នឹងប្រើប្រាស់បទពិសោធន៍ ដែលទទួលបានតាមរយៈការវាយតម្លៃគុណភាពស្តង់ដា នៃប្រទេសកាណាដា ជាគំរូក្នុងការពង្រឹង និងពង្រីកកម្មវិធីបណ្តុះបណ្តាលបន្តដល់មន្ទីរពិសោធន៍សាធារណៈ និងឯកជនទូទាំងប្រទេស។
ទន្ទឹមនឹងនោះ លោកសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានប្ដេជ្ញាថានឹងយកភាពជោគជ័យ និងបទពិសោធន៍ នៃការវាយតម្លៃគុណភាពកម្រិតអន្តរជាតិនេះ ទៅរៀបចំកែលំអរកម្មវិធីគ្រប់គ្រងគុណភាពមន្ទីរ ពិសោធន៍របស់វិទ្យាស្ថាន ដើម្បីធ្វើឱ្យកម្មវិធីកាន់តែមានប្រសិទ្ធភាព នៅក្នុងការជួយលើកកម្ពស់គុណភាពសេវាមន្ទីរពិសោធន៍នៅកម្ពុជា។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ វិទ្យាស្ថាននឹងពង្រីកសេវារបស់ខ្លួនបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តាល ការគ្រប់គ្រងប្រព័ន្ធគុណភាព មន្ទីរពិសោធន៍ ការវាយតម្លៃគុណភាពពីខាងក្រៅ និងការវាស់ក្រឹតទៅលើឧបករណ៍ចំាបាច់ ដែលប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សម្រាប់ជួយដល់មន្ទីរពិសោធន៍ផ្សេងៗទៀត។
ក្នុងឱកាសនោះ លោក Michael A. Newbill តំណាងស្ថានទូសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានលើកឡើងថា សមិទ្ធិផលនេះ គឺជាផ្នែកមួយនៃគោលដៅរបស់ក្រសួងសុខាភិបាល នៅក្នុងការលើកកម្ពស់គុណភាព នៃសេវាមន្ទីរពិសោធន៍ឯកជន និងសាធារណៈទូទាំងប្រទេស ដើម្បីធានាលទ្ធផលត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ថែទាំអ្នកជំងឺ និងការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺ។
លោកបានបន្តថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងការិយាល័យមន្ទីរពិសោធន៍សុខភាព បានដើរតួនាទីធំ នៅក្នុងការជួយក្រសួងសុខាភិបាល ឱ្យសម្រេចគោលដៅនេះ។ លោកបានបញ្ជាក់ថាក្រៅពីការសម្រេចបាននូវវិញ្ញាបនប័ត្រ ISO 15189 Plus នៅមន្ទីរពិសោធន៍ផ្នែកជម្ងឺក្រៅនៅនាយកដ្ឋានរបស់ខ្លួន មន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ កំពុងធ្វើការដើម្បីលើកកម្ពស់បទដ្ឋាន នៅតាមមន្ទីរពិសោធន៍ នៅទូទាំងប្រទេស ដូចជាការផ្តល់ការបណ្តុះបណ្តាលលើការងារមន្ទីរពិសោធន៍ និងការគ្រប់គ្រងគុណភាពនៃមន្ទីរពិសោធន៍ ដល់មន្ទីរពិសោធន៍ចំនួន២៣ នៅពេលបច្ចុប្បន្ន ដោយមានច្រើនទៀតនឹងត្រូវបានបញ្ចូល នៅក្នុងពេលអនាគត៕