(ហាណូយ, វៀតណាម)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការលើក កម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងពីខ្លឹមសារកិច្ចប្រជុំថា កិច្ចប្រជុំដែលមានការចូលរួមពីប្រតិភូថ្នាក់រដ្ឋមន្រ្តីពីប្រទេសកម្ពុជា ចិន មីយ៉ាន់ ថៃ ឡាវ ហ្វីលីពីន, រដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក, នគរបាលសហព័ន្ធអូស្រ្តីលី និងអង្គការ UNODC បានពិភាក្សាទៅលើ៖

*ស្ថានភាពបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែន,
*ការពិនិត្យ និងចែករំលែកពីបញ្ជីឈ្មោះប្រវត្តិក្រុមឧក្រិដ្ឋជន
*ផ្ទៀងផ្ទាត់, ពិនិត្យព័ត៌មាន, ការស៊ើបអង្កេតរួមគ្នាព្រមទាំងបញ្ជូនមន្រ្តីមន្រ្តីទៅសម្របសម្រួល សាកសួរប្រមូលព័ត៌មានលើករណីគ្រឿងញៀនដោយផ្អែកលើបញ្ជីឯកសារ
*កត់ត្រាមុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក និងផ្តល់អនុសាសន៍លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងពេលអនាគត។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ឲ្យដឹងបន្ថែមថា ដើម្បីធ្វើឱ្យប្រសើរនូវប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែនកិច្ចប្រជុំបាន
ដាក់ចេញនូវសេចក្តីថ្លែងការណ៍ រួមដែលមានខ្លឹមសារចំនួន ៨ចំណុចមានជាអាទិ៍៖

*ទី១៖ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់-អន្តរជាតិ
*ទី២៖ ជំរុញការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេត/ព័ត៌មាន ក្នុងចំណោមប្រទេស និងអង្គការនានាក្នុងលក្ខណៈជាក់លាក់ត្រឹមត្រូវទាន់ពេល
*ទី៣៖ ពិចារណាពីលទ្ធភាពក្នុងការធ្វើយុទ្ធនាការថ្នាក់ជាតិស្តីពី បង្ការ បង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន
*ទី៤៖ បង្កើតការស៊ើបអង្កេតរួមគ្នាទាក់ទងនឹងឧក្រឹដ្ឋកម្មឆ្លងដែន
*ទី៥៖ អនុវត្តន៍យុទ្ធសាស្រ្តត្រួតពិនិត្យសារធាតុគីមីផ្សំឲ្យបានហ្មត់ចត់ ទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់
*ទី៦៖ ពិនិត្យពីលទ្ធភាពបង្កើតផ្តល់ជំនួយបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ស្តីពី ប្រតិបត្តិការប៉ុស្តិ៍ត្រូតពិនិត្យគ្រឿងញៀននៅតំបន់ជាប់ត្រីកោណមាស
*ទី៧៖ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ យន្តការសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់គ្រប់គ្រងគ្រឿងញៀន
*ទី៨៖ ស្វាគមន៍ចំពោះភាពឈ្លាសវៃរបស់អាស៊ានក្នុងការត្រួតពិនិត្យគ្រឿងញៀនដែលចែករំលែកជាមួយប្រទេសផ្សេៗលើលោក៕