(ភ្នំពេញ)៖ ធុរកិច្ចទីផ្សារបណ្តាញ ឬគេស្គាល់ជាសកលថា MLM (Multi-level-Marketing) គឺជាការធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ មានទម្រង់ជាការលក់ពីបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់ទៀត ដោយក្រុមហ៊ុន ឬសហគ្រិននឹងផ្តល់ឱកាសក្នុងការធ្វើធុរកិច្ចដល់អ្នកលក់សេរី និងមនុស្សគ្រប់គ្នា មិនថាអ្នកគឺជានរណា បញ្ចប់ការសិក្សាកម្រិតណានោះទេ អ្នកអាចចូលរួមធ្វើធុរកិច្ចទីផ្សារបណ្តាញបានទាំងអស់។
ស្របពេលពិភពលោកដើរដល់ដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ អាជីវកម្មបែបទីផ្សារបណ្តាញនេះកំពុងដំណើរការលើសកលលោក និងជោគជ័យនៅប្រទេសធំៗជាច្រើន ចំណែកនៅកម្ពុជាវិញក៏បានជួបប្រទះហានិភ័យជាច្រើន បង្កឲ្យខាតបង់ប្រាក់កាក់ចំពោះបុគ្គលផ្ទាល់ និងសង្គមផងដែរ។
ដោយសារមកពីកត្តាជាច្រើនបែបនេះ លោកសហមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានកត់សម្គាល់ឃើញទៅលើកង្វះការអប់រំ ចំណេះដឹងវិជ្ជាជីវៈច្បាស់លាស់របស់អាជីវករកំពុងប្រតិបត្តិការអាជីវកម្មបណ្តាញបច្ចុប្បន្ន។
ហេតុនេះហើយ លោកអំពាវនាវម្តងទៀត ដើម្បីជៀសវាងការខុសឆ្គងទាំងអស់នេះ ឲ្យពួកគេងាកមករៀនសូត្រត្រឹមត្រូវ និងសំណូមពរជាដាច់ខាតថា ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងមានវិញ្ញាបនបត្របញ្ជាក់ពីជំនាញអាជីវកម្មទីផ្សារបណ្តាញ។
លោក ឡី សុភាព បានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា «ការទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះអាចជៀសវាងមានរឿងធំៗ ដូចជា ពីក្រុមហ៊ុនដែលមិនមានប្រភពច្បាស់លាស់ ការចែកភាគលាភ និងប្រយោជន៍មិនសមភាព បានត្រឹមសន្យាខ្យល់ ហើយបិទទៅបាត់ទៅ។ មួយវិញទៀត អ្នកប្រកបអាជីវកម្មទីផ្សារបណ្តាញ អាចនិយាយលើស ឬចាញ់បោកតគ្នា និងបោកប្រាស់តគ្នាដោយមិនដឹងខ្លួន»។
លោក ឡី សុភាព លើកឡើងថា ការទទួលការបណ្តុះបណ្តាលនេះ ធ្វើឲ្យយើងដឹងមិនអាចឲ្យគេមកបោកប្រាស់បាន ហើយការនិយាយស្តីអំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្មដែលយើងកំពុងប្រតិបត្តិការនេះ និយាយទៅត្រូវ មិនលើសហើយក៏មិនខ្វះ ធ្វើឲ្យទីផ្សារកាន់តែល្អប្រសើរក្នុងការប្រកបអាជីវកម្មទីផ្សារបណ្តាញ ទាំងខ្នាតតូច និងមធ្យម ដោយធ្វើឲ្យអតិថិជនកាន់តែមានជំនឿ និងមិនមានគ្រោះថ្នាក់តៗគ្នា។
លោកបានលើកឡើងពីបញ្ហាប៉ះពាល់សង្គម ដូចជា បាត់បង់ថវិកាច្រើន ប៉ះពាល់ដល់ប្រភពហិរញ្ញវត្ថុ និងបង្កឲ្យមានបាតុភាពនយោបាយជាតិផងដែរ។ តាមរយៈអ្នកទាំងនោះ ធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្តដល់រាជរដ្ឋាភិបាល។
លោកក៏បានបន្ថែមទៀតថា បើកម្រិតវិជ្ជាជីវៈបច្ចេកទេស ដូចជាទាក់ទងទៅនឹងគ្រឿងសម្អាង អាហារបំប៉នផ្សេងៗ គុណភាពត្រឹមកម្រិតនេះ តែនិយាយលើស បង្កឲ្យប៉ះពាល់ដល់សុខមាភាព និងលុយកាក់របស់ប្រជាពលរដ្ឋ។
ការអំពាវនាវរបស់លោក ឡី សុភាព ក្នុងគោលបំណងជំរុញឲ្យមានការអភិវឌ្ឍ ធ្វើឲ្យយុវជន និងប្រជាពលរដ្ឋប្រកបអាជីវកម្មខ្នាតតូច និងមធ្យមនេះមានជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យបានត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន NSZ World ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលតិផលគ្រឿងសម្អាងម៉ាក់ QnanoX និងជាក្រុមហ៊ុនផ្តល់អាជីវកម្មទីផ្សារបណ្តាញធំជាងគេ បានប្រកាសគាំទ្រចំពោះការអំពាវនាវរបស់សមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ដោយបានបញ្ជូន និងបញ្ជ្រាបទៅដល់សមាជិកអ្នកប្រកបអាជីវកម្មទីផ្សារបណ្តាញរបស់ខ្លួនចូលរួមវគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលជាវិទ្យាស្ថានឈានមុនគេ និងដំបូងគេបង្អស់ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលផ្ទាល់នូវជំនាញបណ្តុះបណ្តាល ច្បាប់ បទដ្ឋានគតិយុត្តពីអាជីវកម្មទីផ្សារបណ្តាញនៅកម្ពុជា។
លោកបានឲ្យដឹងថា “ស្របពេលដែលគេកំពុងតែមានភាពត្រឹមត្រូវច្បាស់លាស់នោះ ប៉ុន្តែនៅក្នុងស្រុកខ្មែរយើងមិនទាន់មានច្បាប់ណាមួយច្បាស់លាស់ ទៅលើអ្នកធ្វើទីផ្សារបណ្តាញនោះទេ ដូច្នេះហើយក្រុមហ៊ុន NSZ World ចង់ចូលរួមយ៉ាងស្រួចស្រាវមុនគេបង្អស់ ដើម្បីជំរុញការងារនេះឲ្យមានឡើងដូចប្រទេសគេដទៃ។ កាលណាបើមានច្បាប់ច្បាស់លាស់ មានអ្នកគ្រប់គ្រងត្រឹមត្រូវ នោះមុខរបរបែបទីផ្សារបណ្តាញនេះ និងមិនមានហានិភ័យខ្ពស់ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជនច្រើនដែរ”។
លោកបានបន្តថា ក្រុមហ៊ុន NSZ World ចង់ក្លាយជាអ្នកដឹកមុខមុនគេ ចំពោះទីផ្សារបណ្តាញទៅរកផ្លូវច្បាប់ គោរពច្បាស់ទៅតាមការកំណត់ដែលបានចែង ដើម្បីបញ្ជៀសហានិភ័យទៅថ្ងៃមុខ សម្រាប់អ្នកទីផ្សារបណ្តាញខ្លួនឯង និងប្រជាជនកម្ពុជា៕