(កណ្ដាល)៖ ក្រុមកុមារកើតជងឺ «អូទីហ្សឹម» និងកុមារខ្សោយសតិបញ្ញា ដែលកំពុងចិញ្ចឹមនៅអង្គការ HHC ត្រូវបានស្នើរឱ្យមានការយកចិត្ត ជួយបន្ថែមទៀត ព្រោះពួកគាត់ក៏ជាកោសិកាសង្គម របស់យើងផងដែរ ខណៈពួកគាត់មិនត្រូវបានឱ្យតម្លៃពីសង្គមខាងក្រៅឡើយ។
ការស្នើរឱ្យជួយយកចិត្តទុកដាក់បន្ថែមនេះ មិនមែនគ្មាននរណាជួយនោះទេ ពោលគឺដោយសារតែចំនួននៃកុមារកើតបញ្ហានេះកាន់តែច្រើនឡើងៗ ខណៈឪពុកម្ដាយកុមារទាំងនោះសុំអង្គការជួយសង្រ្គោះកូនពួកគាត់ឱ្យស្នាក់នៅ និងសិក្សានៅក្នុងអង្គការផង ប៉ុន្តែអង្គការមានថវិកាមិនគ្រប់គ្រាន់ ក្នុងការចិញ្ចឹម និងអប់រំឱ្យបានច្រើនគ្នានោះទេ ពោលគឺសព្វថ្ងៃអង្គការមានកុមារកំពុងស្នាក់នៅរៀនសូត្រ ចំនួនជាង២០០នាក់ឯណោះ ក្នុងនោះជិត១០០នាក់ ជាកុមារ «អូទីហ្សឹម» ហើយថវិកាត្រូវចំនាយលើពួកគាត់គឺមានកម្រិត ហើយអង្គការក៏មានគម្រោងទទួលកុមារទាំងនោះ ចូលមកអង្គការបន្ថែមទៀតដែរ។
នេះជាការលើកឡើងរបស់លោក ចាន់ សារិន នាយកអង្គការ HHC បានផ្ដល់បទសម្ភាសន៍មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងកម្មវិធី «ចុះសួរសុខទុក្ខកុមារពិការរបស់សិក្ខាកាមសាលាភូមិន្ទរដ្ឋបាល» ក្រោមវត្តមានលោក យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី គឹម សុផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត។
លោក ចាន់ សារិន បន្តថាបើគង់តែបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជួយជ្រោមជ្រែងតាំងពីដើម មកទេនោះ អង្គការក៏គ្មានថ្ងៃនេះដែរ ព្រោះការចំណាយទៅលើការថែទាំកុមារខ្សោយសតិបញ្ញា និងកុមារ «អូទីហ្សឹម» ជាការលំបាកបំផុត ជាពិសេសលំបាកក្នុងការរកគ្រូមកមើលថែ និងអប់រំណាស់ដោយសារកុមារទាំងនេះ មានសភាពមិនប្រក្រតីឡើយ ដោយតោងឱ្យលោកគ្រូ អ្នកគ្រូ ត្រូវមានចិត្តធ្ងន់បំផុត ក្នុងការជួយមើលថែទាំ និងបង្រៀនពួកគេ។
ជុំវិញបញ្ហា «អូទីហ្សឹម» នេះ លោកស្រី គឹម សុផាត់ បានលើកឡើងថា «មាតាទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះកូនតូចៗ របស់ពួកគាត់ កុំបណ្ដោយឱ្យប្រើប្រាស់Smart phone ឬ Ipad ច្រើនលើសកម្រិតពេក ព្រោះដោយសារតែការបណ្ដោយបែបនេះហើយ ទើបភាគច្រើនកុមារកើត «អូទីហ្សឹម» ដោយពួកគាត់មិនចង់និយាយស្ដីជាមួយនរណាឡើយ មិនចង់ញ៉ាំអាហារខ្វះទំនាក់ទំនង និងបញ្ហានានាផ្សេងទៀត ដោយតោងឱ្យត្រូវតែបញ្ជៀសកុមារមិនឱ្យប្រើរបស់ណឹងច្រើនពេកទេ ទុកឱ្យកូនកូនលែងតែកន្លះម៉ោងបានហើយក្នុងថ្ងៃ បើបណ្ដោយទៀតកុមារនឹងក្លាយជាក្មេង «អូទីហ្សឹម» មិនអាចជួយបានឡើយ»។
លោក យក់ ប៊ុណ្ណា ក៏បានលើកទឹកចិត្តលោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តដាក់មើលថែទាំ និងអប់រំកុមារឱ្យបានល្អប្រសើរ ពិសេសលោកក៏បានសរសើរដល់លោកនាយកអង្គការ HHC ផងដែរ ដែលបានខិតខំបង្កើតអង្គការនេះ មានរយៈពេលជាង៧ឆ្នាំមក ដោយបានជួយកុមារខ្សោយសតិបញ្ញា និង «អូទីហ្សឹម» បានច្រើននាក់៕