(កណ្ដាល)៖ ប្រតិបត្តិការរយៈពេល ៣ថ្ងៃ ពោលតាំងពីរសៀលថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃនេះ ប្រតិបត្ដិការទាញយកសាឡង់បូមខ្សាច់ ដែលមានទម្ងន់ជិត ២,០០០តោន ដែលជាប់គឿងនឹងសរសរទី៣ របស់ស្ពានព្រែកតាមាក់ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ បើទោះបីក្រុមជួយសង្គ្រោះបានប្រឹងប្រែង ប្រើជាច្រើនមធ្យោបាយក៏ដោយនោះ។
ឧបសគ្គចម្បងដែលរារាំងនៃប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានមន្ដ្រី និងអាជ្ញាធរ អះអាងថា ដោយសារតែកម្លាំងហូរបុកខ្លាំងពេក។
ក្រោយហេតុការណ៍នេះកើតឡើង តាំងពីរសៀលថ្ងៃសៅរ៍ អភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្តកណ្ដាល និងបន្ទាប់មកមានអន្ដរាគមន៍ដោយផ្ទាល់ពីទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រសួងរ៉ែ និងមន្ដ្រីជំនាញជាច្រើននាក់ បានរួមគ្នាប្រឹងប្រែងប្រើគ្រប់មធ្យោបាយនៅតែមិនទាន់អាចទាញយកសាឡង់ ដឹកខ្សាច់ជិត ២,០០០តោននេះ ដែលជាប់គឿងនឹងសរសរទី៣នៅឡើយទេ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក គង់ វិមាន បានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះ ក្រោមការបញ្ជាផ្ទាល់ពីលោកទេសរដ្ឋមន្ដ្រី យើងបានប្រើមធ្យោបាយមួយចំនួន ដើម្បីទាញសាឡង់ចេញ ប៉ុន្ដែនៅតែមិនអាចដោយសារតែកម្លាំងទឹកហូរបុកខ្លាំងពេក។
លោក គង់ វិមាន បានពន្យល់ពីឧបសគ្គទាំងនេះថា «ទី១៖កម្លាំងទឹកបុកខ្លាំង, ទី២៖ទម្ងន់ទាំងខ្សាច់ និងសាឡង់ជិត ២,០០០តោន ដែលពិបាកនឹងទាញយក»។
សម្រាប់ប្រតិបត្តិការវិញ អ្នកនាំពាក្យរូបនេះអះអាងថា មធ្យោបាយយើងបានប្រើកម្លាំងសាឡង់ផ្សេងទៀត ដើម្បីអូសទាញ ប៉ុន្ដែនៅតែមិនរួច ហើយនាវាចូលនៅក្បែរនោះក៏មិនអាចនៅបានយូរ ព្រោះតែទឹកគួចខ្លាំងពេក។ បន្ទាប់មកលោករដ្ឋមន្ដ្រី បានបញ្ជាឲ្យយកសាឡង់ធំនៅកោះពេជ្រ ទៅអូសបន្ថែមទៀត ប៉ុន្ដែនៅតែមិនអាចទាញបានដដែល ព្រមទាំងមធ្យោបាយបូមខ្សាច់ចេញពីសាឡង់ ក៏បូមមិនបានយូរព្រោះតែកម្លាំងទឹក។
យ៉ាងណាក៏ដោយ ទាំងអាជ្ញាធរ និងមន្ដ្រីជំនាញទាំងអស់ បាននិងកំពុងបន្ដខិតខំប្រឹងប្រែងជួយ និងរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះហេតុការណ៍នេះ។ លោក គង់ វិមាន ក៏អំពាវនាវដល់អ្នកដែលមានជំនាញទាំងឡាយណា ចូលរួមនៅក្នុងប្រតិបត្តិការនេះឲ្យបានជោគជ័យ៕