(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពីប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត បានបើកកិច្ចប្រជុំស្តីពីសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុមានវិនិយោគិន ពាណិជ្ជករ អាជីវករប្រកបរបររកស៊ីកាន់តែច្រើន បង្កើននូវទំនុកចិត្តពីភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកាន់ តែសប្បាយរីករាយ និងមានសុវត្ថិភាពនៅលើទឹកដីខេត្តព្រះសីហនុ។
លោកបានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានការបណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិន ពិសេសវិនិយោគចិន ជាហេតុធ្វើឱ្យខេត្តព្រះសីហនុមាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ផ្អែកលើគ្រប់វិស័យឯកលើភាពរីកចម្រើន របស់ខេត្តបានជំរុញឱ្យមានកំណើន ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងមកធ្វើការងារ ប្រកបរបរនៅទៅតាមជំនាញ និងសមត្ថភាពដែលខ្លួនមាន។
បច្ចុប្បន្នអ្នកវិនិយោគចិន ស្ថិតលំដាប់លេខ១ ដែលមកបណ្ដាក់ទុន និងវិនិយោគភាគច្រើនក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូនសំណង់ ទេសចរណ៍ និងកាស៊ីណូ។ គណៈបញ្ជាការ ឯកភាពខេត្តបានដាក់ចេញនៅវិធានការណ៍មួយចំនួន ដល់កងកម្លាំងឯកភាព ដោយធ្វើរដ្ឋបាលចំហតាមផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ កន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ពង្រឹងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនអន្តោប្រវេសន៍គ្រឿងញៀន ពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយសប្តាហ៍ ២ដង។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា ខេត្តព្រះសីហនុ មានអំណោយផលល្អដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់គោលដៅទេសចរណ៍អភិវឌ្ឍន៍ និងអាចជាខេត្តទំនើបជាងគេ ក្នុងការស្ថាបនាផ្លូវបេតុងទំនើបនៅពេលខាងមុខ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ទី១៖ មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល, ទី២៖ មានឧបនាយករដ្ឋមន្ត្រីចំនួន ៣រូប ផ្តោតលើខេត្តព្រះសីហនុ មានដូចជា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ, រដ្ឋមន្រ្តីក្រសួងដែនដី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ទី៣៖ ក្រុមការងារថ្នាក់ជាតិ, ទី៤៖ ក្រសួងមហាផ្ទៃ ទី៥៖ គណៈបញ្ជាការឯកភាពខេត្ត និងទី៦៖ មហាសាមគ្គីធ្វើឱ្យខេត្តមានការរីកចម្រើនមានកំណើនសេដ្ឋកិច្ចខ្ពស់។
ក្រសួងមហាផ្ទៃ បានបន្ថែមក្រមខណ្ឌមន្ត្រីនគរបាលចំនួន ២០០នាក់បន្ថែមទៀត តាមតម្រូវការជាក់ស្តែង និងបណ្តុះបណ្តាលមន្ត្រីនគរបាលចំនួន ៤០០នាក់ ឱ្យមានជំនាញដើម្បីជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រូវបន្តផ្សព្វផ្សាយបើកវេទិកាសាធារណៈដល់គោលដៅ និងធ្វើការវិភាគវាយតម្លៃសភាពការណ៍ និងធ្វើផែនការផែនទីតាំងភូមិសាស្ត្រប្រើប្រាស់កម្លាំងរដ្ឋបាល កម្លាំងជំនាញល្បាតឈរជើង ពួនស្ទាក់បង្ការ ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក សាយ សំអាល់ បានវាយតម្លៃកោតសរសើរមន្ត្រីដែល បានខិតខំប្រឹងប្រែងអនុវត្តការងារមិនខ្លាចនឿយហត់ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តមានការរីកចម្រើន ជាពិសេសលើវិស័យសំណង់ មានសន្ទុះកើនឡើង ទន្ទឹមនឹងនោះយើងក៏ត្រូវមានផែទេសចរណ៍ ក្នុងការតាមដានត្រួតពិនិត្យជនបរទេស ដែលធ្វើដំណើរតាមទូកទេសចរណ៍ ឬទូកនេសាទ ក្នុងការធានាសន្តិសុខ សុវត្ថិភាពសាធារណៈ និងរបៀបរៀបរយ បម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនឡើងថែមទៀត៕