(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានណែនាំឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចុះជួយសង្រ្គោះសត្វជ្រូកជាច្រើនពាន់ក្បាល នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅភូមិស្រែព្រាង ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលរងការលិចលង់ដោយទឹកជំនន់។
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តព្រះវិហារ រួមជាមួយប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានដឹកនាំអាជ្ញាធរស្រុកត្បែងមានជ័យ កម្លាំងនគរបាលស្រុកត្បែងមានជ័យ និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានចុះជួយសង្រ្គោះសត្វជ្រូកជាច្រើនក្បាលនៅក្នុងកសិដ្ឋាន ដែលរងការលិចលង់ដោយទឹកជំនន់។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃនេះ សកម្មភាពសង្រ្គោះសត្វជ្រូកនៅតែបន្ត។ លោកបញ្ជាក់ទៀតថា ក្នុងចំណោមសត្វជ្រូកចំនួន៣៦០០ក្បាល គឺមានការបាត់បង់ប្រមាណ ៦០០ក្បាល ក្រៅពីនោះនៅសល់ប្រហែល ១០០០ក្បាលទៀត យើងកំពុងតែធ្វើការសង្រ្គោះទៅកាន់ទីទួលសុវត្ថិភាព អាចព្រលប់ថ្ងៃនេះ និងត្រូវបញ្ចប់សកម្មភាពសង្រ្គោះហើយ។
ដោយឡែក លោក នន់ វណ្ណី ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក តាមរយៈអង្គភាពព័ត៌មាន Fresh News លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តព្រះវិហារ មន្ទីរកសិកម្មខេត្ត អាជ្ញាធរស្រុកត្បែងមានជ័យ និងកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមជួយសង្រ្គោះសត្វជ្រូករបស់គាត់ឲ្យផុតពីការបាត់បង់ដោយសារទឹកជំនន់៕