(ភ្នំពេញ)៖ ក្រុមហ៊ុន ផលិតទឹកពិសាគុណភាពខ្ពស់ និងឈានមុខគេ វីតាល់ បានធ្វើការសម្ពោធដាក់ចេញលក់ ផលិតផលវីតាល់ចំណុះ ២៥០mL ដោយបានប្រសិទ្ធនាមថា ជា «កូនពៅ នៃគ្រួសារវីតាល់» ដែលមានរូបរាងថ្មី ប្លែក តូចជាងមុន ជាមួយមុខងារសន្សំសំចៃច្រើន។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅផ្សារទំនើប អ៊ីអន២ សែនសុខស៊ីធី ដោយមានអ្នកចូលរួមប្រមាណជាង៣០០នាក់ ដែលភាគច្រើនជាម្ចាស់ដេបូចែកចាយផលិតផល ទឹកសុទ្ធវីតាល់ទាំងតូច-ធំ នៅលើទីផ្សារ ។
លោកស្រី កូវ ច័ន្ទនិច មន្រ្តីផ្នែកពាណិជ្ជសញ្ញា នៃក្រុមហ៊ុនវីតាល់ បានថ្លែងថា វីតាល់ មានរីករាយជាពន់ពេក ដោយបានដាក់ចេញ នូវផលិតផលថ្មី «កូនពៅ២៥០mL»នេះ ហើយថា វីតាល់២៥០mL នេះមានលក្ខណៈប្លែក ជាងចំណុះដទៃបន្តិច ដោយសារការរចនារំលេចឡើង តាមរូបរាងដប១.៥L ហើយមានមុខងារប្រើប្រាស់ សន្សំសំចៃជាងមុន។
លោកស្រី បានលើកឡើងថា ជាទូទៅការចូលរួមកម្មវិធីធំៗ ផ្សេងៗគឹការទទួលទានទឹក មានលក្ខណៈតិចតួច ហើយគេតែងតែបោះចោលដបទឹក ដែលនៅសល់។ នេះជាអង្គហេតុបណ្ដាល ឲ្យយើងសម្រេចចិត្តផលិតនូវ ចំណុះថ្មីសមស្រប ដើម្បីបំពេញតម្រូវការទីផ្សារផ្នែកនេះផងដែរ។
លោកស្រី ជឹង សុគន្ធាវី នាយិកាគ្រប់គ្រង និងតំណាងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វីតាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិជនវីតាល់ ជាពិសេសម្ចាស់ដេប៉ូភេសជ្ជៈទាំងឡាយ ដែលជានិច្ចកាលបានខិតខំ ប្រឹងប្រែងគាំទ្រចែកចាយវីតាល់ ទៅកាន់ទីផ្សារទូទាំងប្រទេសកម្ពុជា បានយ៉ាងជោគជ័យ ធ្វើឲ្យសន្ទុះនៃកំណើនចរាចរណ៍វីតាល់ លើទីផ្សារមានដំណើរឈានមុខគេ។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សម្រាប់ផលិតផលថ្មីនេះ នឹងមានការជួយបន្ថែម ពីដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងការរុញច្រានផលិតផលវីតាល់ តាមរយៈការបញ្ជ្រាប និងប្រាប់ដល់អតិថិជន ពីគុណភាព គុណសម្បត្តិ និងផលប្រយោជន៏ នៃទឹកវីតាល់២៥០mL នេះ ។
បើតាមលោកស្រី ជឹង សុគន្ធាវី បានឲ្យដឹងថា វីតាល់ នឹងមិននៅស្ងៀមនោះទេ ព្រោះវីតាល់មានទស្សនវិស័យ ប្រែក្លាយខ្លួន ជាក្រុមហ៊ុនជាតិឈានមុខល្អដាច់គេ លើវិស័យផលិតទឹកពិសា ទាំងទីផ្សារក្នុងស្រុក ព្រមទាំងក្រៅ ស្រុកផងដែរ។
លោកស្រីបន្ដថា វីតាល់ប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗ និងល្អៗជាច្រើនទៀត ដើម្បីបម្រើប្រជាជនកម្ពុជា ឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្ត ដែលប្រជាជនកម្ពុជា មានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ»។
បើតាមលោកស្រី ជឹង សុគន្ធាវី បានឲ្យដឹងបន្ថែមថា ក្នុងរយៈពេល៩ឆ្នាំនៃវត្តមាន របស់វីតាល់ក្នុងទីផ្សារកម្ពុជា វីតាល់ ទទួលបានជោគជ័យខ្ពស់ទាំងចំនួននៃការលក់ និងការទទួលស្គាល់នូវគុណភាព។
លោកស្រីថា ដូច្នេះហើយទើបថ្ងៃនេះ ក្រុមហ៊ុន បានបញ្ចេញលក់ទឹកពិសាវីតាល់ចំណុះ២៥០mL ថ្មីនេះ ដែលមានការរចនា ដ៏ពិសេស ដែលធ្វើឲ្យទឹកចំណុះនេះ មើលទៅប្លែកស្រស់ស្អាត បង្ហាញពីកិត្តិយសខ្ពង់ខ្ពស់បំផុត និងមានបរិមាណសមស្រប ដែលស័ក្តិសម សម្រាប់ការប្រើប្រាស់ ក្នុងកម្មវិធីជាច្រើន ដូចជាពិធីអាពាហ៌ពិពាហ៌ ពិធីបុណ្យបែបសាសនា និងសំរាប់ទទួលភ្ញៀវកិត្តិយស តាមហាងទំនិញនានា និងតាមគេហដ្ឋានផងដែរ៕