(ព្រះសីហនុ)៖ មន្រ្តីជាន់ខ្ពស់មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលខេត្តព្រះសីហនុ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំពិភ្សាលើគម្រោងសាងសង់ផ្លូវចំនួន២២ខ្សែ ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ។
មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា កាលពីនារសៀលថ្ងៃចន្ទទី០៩ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តមានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងសាងសង់ផ្លូវចំនួន២២ខ្សែ នៅក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី, លោក នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការក្រសួងសាធារណការ, លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះ លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានលើកឡើងអំពីវឌ្ឍភាពគម្រោងផ្លូវទាំង ២២ខ្សែ ក្នុងខេត្តព្រះសីហនុ មានប្រវែងសរុប ៤០,៧៦០ម៉ែត្រ ដែលត្រូវស្ថាបនាឱ្យសមស្របតាមទៅតាមទំហំចរាចរណ៍ និងការអភិវឌ្ឍនៅក្នុងខេត្តនាពេលបច្ចុប្បន្ន និងអនាគត ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានសំណង់ល្មើសច្បាប់មួយចំនួន ដែលបានសាងសង់នៅលើដីចំណីផ្លូវត្រូវរុះរើចេញ គម្របលូបេតុងដែលធ្វើនៅលើប្រឡាយត្រូវរុះរើចេញ និងត្រូវស្តារប្រឡាយរួចបោះបង្គោលកំណត់ព្រំប្រឡាយនានាក្នុងក្រុងព្រះសីហនុ។
សម្រាប់លោក គួច ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុទាំងអស់ ចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការសាងសង់រំលោភយកដីចំណីផ្លូវ ចោលសំរាមចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកនានា និងចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុទាំងមូល៕