(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់សប្បុរសជន ក្រុមការងារថ្នាក់ជាតិ ជាពិសេសកាកបាទក្រហមកម្ពុជាផ្តល់នូវជំនួយសម្បុរសនានា ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារជំនន់ទឹកទន្លេមេគង្គ។
ការអំពាវនាវរបស់លោក គន់ គីម បានធ្វើឡើងខណៈរូបលោកកំពុងចុះត្រួតពិនិត្យដោយផ្ទាល់ នូវស្ថានភាពរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារការជន់លិច នៅក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ លោកទេសរដ្ឋមន្ត្រី បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំប្រមាណជា ២៥០០គ្រួសារ ក្នុងឃុំចំនួន៤ រួមមានឃុំជីរោទិ៍ទី១ ឃុំពាមជីលាំង ឃុំបឹងព្រួល និងឃុំទន្លេបិទ ស្ថិតក្នុងស្រុកមេមត់ កំពុងរងគ្រោះដោយសារជំនន់ទន្លេមេគង្គនេះ។
បើតាមលោក គន់ គីម បានបញ្ជាក់ថា ឃុំជីរោទិ៍ទី១ រងការជន់លិចខ្លាំងដោយផ្ទះខ្លះទឹកលិចដល់រនាបផ្ទះ ខ្លះដល់រនូតផ្ទះ ខ្លះដល់ធ្នឹម ហើយខ្លះទៀតជិតដល់ដំបូលផងដែរ។ លោក គន់ គីម បានឱ្យដឹងថា នៅក្នុងឃុំជីរោទិ៍ទី១នេះ មានប្រជាពលរដ្ឋរងគ្រោះសរុប ១២០០គ្រួសារ ហើយ ៧០០គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងកំពុងរៀបចំបោះតង់ ធ្វើរោងសម្រាប់ស្នាក់នៅបណ្តោះអាសន្ន។
ជាមួយនឹងការចុះទៅពិនិត្យជាក់ស្តែងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចាត់ចែងដល់អាជ្ញាធរមូលដ្ឋាន ដែលសុទ្ធសឹងជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយដែរនោះ ឱ្យជួយជម្លៀស និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋរងគ្រោះ។
«ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ យើងបានប្រឹងប្រែងជួយដោះស្រាយបញ្ហាបឋមរបស់បងប្អូនប្រជាពលរដ្ឋ ជួយជម្លៀសពួកគាត់ធ្វើយ៉ាងណាកុំឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់។ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺយើងបានប្រឹងប្រែងជួយពួកគាត់ឱ្យអស់លទ្ធភាពរបស់យើង»។ លោក គន់ គីម បានបញ្ជាក់។
បើទោះបីជាយ៉ាងណាប្រជាពលរដ្ឋដែលរងគ្រោះដោយការជន់លិចនេះ កំពុងជួបការលំបាកក្នុងជីវភាពខ្វះស្បៀង ខ្វះសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់សប្បុរសជន ក្រុមការងារថ្នាក់ជាតិ ជាពិសេសកាកបាទក្រហមជួយផ្តល់ស្បៀងអាហារ និងសម្ភារៈផ្សេងៗជួយដល់ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គទាំងនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តដទៃទៀត ដែលរងការជន់លិចដោយទឹកទន្លេមេគង្គនេះ។
លោក គន់ គីម បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់សប្បុរសជន ក្រុមការងារថ្នាក់ជាតិ ជាពិសេសកាកបាទក្រហមកម្ពុជាដែលជាអង្គការមនុស្ សសូមជួយដល់បងប្អូនប្រជាពលរដ្ឋយើងកំពុងរងគ្រោះដោយសារជំនន់ទឹកទន្លេមេគង្គនេះ។ ពួកគាត់កំពុងជួបការលំបាកខ្វះខាតស្ពៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅពេលប្រទេសតាមដងទន្លេមេគង្ គរងការជន់លិចដោយទឹកទន្លេមេគង្គនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅគ្រប់កន្លែងរងការជន់លិចទាំងនៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមជាដើម។ លោក គន់ គីម បានចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីការលំបាករបស់ប្រជាពលរដ្ឋ និងបានជំរុញឱ្យមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ស្រុក ឃុំ ដែលសុទ្ធសឹងជាអាជ្ញាធរមូលដ្ឋាននោះយកចិត្តដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ គេបានឃើញលោក គន់ គីម ក្រៅពីបានចុះចែកចំណោយ និងចុះទៅពិនិត្យផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយការជន់លិច នៅក្នុងខេត្តត្បូងឃ្មុំហើយនោះ លោកក៏បានចុះទៅចាត់ចែងរកវិធីទាញយកផែទេសចរណ៍ ដែលអណ្តែតជាប់នៅស្ពានកោះប៉ែនផងដែរ ដើម្បីបញ្ចៀសការខូចខាតស្ពាន៕