(ស្វាយរៀង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល ខេត្តស្វាយរៀង ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាង មន្ទីរ-អង្គភាព ចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានា នៅក្នុងខេត្តជាច្រើននាក់។
វេទិកាសន្ទនានេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ដល់អង្គការសង្គមស៊ីវិលនៅក្នុងខេត្តស្វាយរៀងឱ្យបានស្វែងយល់ និងជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការជាមួយ ភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០ ក៏ដូចជាលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសង្គតិភាពផែនការការងាររបស់ខ្លួន ឱ្យស្របតាមផែនការអភិវឌ្ឍន៍និងវិនិយោគថ្នាក់មូលដ្ឋាន និងត្រូវបន្តពង្រឹងកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។
ថ្លែងក្នុងអង្គវេទិកាកាលពីព្រឹកមិញនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានសង្កត់ធ្ងន់ថា អង្គការសង្គមស៊ីវិលទាំងអស់ត្រូវទទួលស្គាល់គុណតម្លៃរួម រវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ក្នុងការអនុវត្តការងារជាមួយគ្នានាពេលកន្លងមក ដែលបានបង្កើតនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ ពីព្រោះរាជរដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយអង្គការសង្គមស៊ីវិល ក្នុងការធានាឱ្យមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានផ្តល់នូវការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន។
ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល អនុវត្តការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងប្រតិបត្តិតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ ជាធរមានឱ្យបានត្រឹមត្រូវ ក៏ដូចជាត្រូវធ្វើការចុះបញ្ជី នៅក្រសួងស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី រួមទាំងការចុះបញ្ជីពន្ធដារ ដើម្បីអង្គការសង្គមស៊ីវិលអាចទទួលបាន ការអនុគ្រោះពន្ធផ្សេងៗ ក៏ដូចជាការការពារដោយច្បាប់។
ជាងនេះទៀត លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពដៃគូដោយឆន្ទៈស្មោះត្រង់ និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា វេទិកាសន្ទនានេះ ក៏បានបើកទូលាយឱ្យអង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធ បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈមនិងសំណូមពរជាច្រើន ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះ ក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា៕