(ភ្នំពេញ)៖ អ្នកអភិវឌ្ឍន៍គម្រោងខុនដូរបានលើកឡើងថា នៅ៥ឆ្នាំខាងមុខផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ នឹងផ្លាស់ប្តូរចំពោះការរស់នៅក្នុងខុនដូរ បានសេចក្តីថាប្រជាពលរដ្ឋខ្មែរ នឹងនិយមរស់នៅខុនដូ ដូចទៅនឹងប្រទេសជិតខាងកម្ពុជាដែរ។
លោក អ៊ូច ពិសាល អគ្គនាយក នៃក្រុមហ៊ុនខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ បានឲ្យដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះវិស័យខុនដូនៅកម្ពុជា ហាក់ដូចជាការចាប់ផ្តើមដំបូង តែសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត ផ្នត់គំនិតរបស់អតិថិជននឹងផ្លាស់ប្តូរ ដោយប្ដូរពីការរស់នៅផ្ទះមករស់នៅខុនដូជំនួសវិញ។
លោក ពិសាល បន្ថែមថា បច្ចុប្បន្ននេះប្រជាជនកម្ពុជា មិនទាន់យល់ច្បាស់ពីអត្ថប្រយោន៍របស់ខុនដូ ហើយប្រសិនបើពួកគាត់យល់ច្បាស់ពួកគាត់ នឹងផ្លាស់ប្ដូរជាក់ជាពុំខា នព្រោះការរស់នៅខុនដូចំណេញទាំងពេលវេលា, ថវិកា និងផ្ដល់ជូនសុវត្ថិភាព, ផាសុខភាព។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក អ៊ូច ពិសាល ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន KW (កម្ពុជា) និងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ក្នុងការប្រគល់សិទ្ធិលក់ផ្ដាច់មុខគម្រោងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ ទៅឲ្យក្រុមហ៊ុន Khmer Real Estate សម្រាប់ភ្ញៀវថៃ និងវៀតណាម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW (កម្ពុជា) និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate បានបង្ហាញនូវគោលដៅ ដែលលោកចាប់យកអតិថិជនធំបំផុតគឺ ជនជាតិវៀតណាម និងថៃ សម្រាប់គម្រោងខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍។
លោកបណ្ឌិតបន្ថែមថា នៅក្នុងប្រទេសថៃកាលពី២០ឆ្នាំមុន នៅពេលដែលអ្នកសាងសងខុនដូ គោលដៅអតិថិជនធំបំផុត គឺបរទេស ប៉ុន្ដែ២០ឆ្នាំក្រោយអ្នកដែលនៅខុនដូសុទ្ធសឹងតែជនជាតិថៃ នៅក្នុងប្រទេសវៀតណាមក៏ដូចគ្នា ប៉ុន្ដែបច្ចប្បន្ននេះអ្នកនៅខុនដូសុទ្ធសឹងតែជនជាតិវៀតណាម។
លោកបណ្ឌិតបញ្ជាក់ថា «ទីក្រុងភ្នំពេញគឺដូចគ្នាដែរទោះបីជា មិនមានកុងត្រាលក់ផ្ដាច់មុខឲ្យខ្មែរសុទ្ធ ក៏ពិតមែនប៉ុន្ដែគម្រោង ខុនដូ ឌឹ សេវេន រេហ្ស៊ីដិនស៍ នេះខ្ញុំបានសិក្សាពីទីតាំង, ទំហំ, តម្លៃ និងលក្ខខណ្ឌទូទៅគឺ ល្អបំផុតសម្រាប់អតិថិជនកម្ពុជាតែម្ដងព្រោះ ដោយសារតែតម្លៃធូរថ្លៃ, ទំហំស្របតាមប្រជាជនវ័យក្មេងកម្ពុជា ចំណែកទីតាំងវិញគឺល្អបំផុត»។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា «បានជាខ្ញុំកំណត់យកទីផ្សារបរទេសទាំង២នេះ (ថៃ-វៀតណាម) ដោយសារខ្ញុំចង់បង្កើតទីផ្សារថ្មីព្រោះ បច្ចុប្បន្ននេះជំនួញរកស៊ីរវាងកម្ពុជា និងបរទេសមានច្រើន ប៉ុន្ដែនៅប្រទេស២សងខាងយើងគឺ ងាយស្រួលរកស៊ីជាងអ្នកនៅឆ្ងាញ»៕