(បាត់ដំបង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តន៍តាមបទបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាលធានាបានសុវត្ថិភាពចំណីអាហារ លើគ្រឿងបរិភោគឧបភោគ សាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី គណៈកម្មការផ្សារ និងមន្តី្រមន្ទីរពិសោធន៍ដែលបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋានកាំកុត្រូល បានធ្វើការចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ ដែលមានដាក់តាំងលក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង បានឱ្យដឹងថា មន្រ្តីជំនាញយើងដកហូតទំនិញចម្រុះខូចគុណភាពមានដាក់សារធាតុគីមីហាមឃាត់
នៅលើងៀតបបែលចំនួន១៨ គីឡូក្រាម និងលើម្ហូបអាហារនិងបន្លែសរុបចំនួន៥១គំរូ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង និងបានប្រមូលយកដុតកម្ទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់តែង បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋគ្រប់គ្នាជាអ្នកប្រើប្រាស់ ផ្ទាល់។
ប្រធានបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀត ផងដែរ»។
លោកបានបន្ថែមថា មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ លើម្ហូបអាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕